ក្រោយជំនួបរវាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសហភាពអឺរ៉ុប នាទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តខិតខំប្រឹងប្រែងអនុវត្តនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការអោយកាន់តែមានវឌ្ឍនភាពទៅមុខ ខណៈពេលដែលនៅឆ្នាំ២០២០ខាងមុខនេះ គឺជាឆ្នាំបញ្ចប់នូវផែនការជាតិ១០ឆ្នាំនៃការធ្វើកំណែទម្រង់នេះក្នុងជំហានទី១។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលស្វាគមន៍សហភាពអឺរ៉ុប ចូលរួមចំណែកក្នុងការរៀបចំនូវផែនការ សម្រាប់អនុវត្តជំហានទី២ ដែលអាចជាផែនការណ៍៥ឆ្នាំ ឬក៏១០ឆ្នាំបន្តទៀត។
ឯកឧត្តមបន្តថា ឯកអគ្គរដ្ឋសហភាពអឺរ៉ុបក៏បានទទួលស្គាល់ដែរថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើឲ្យសង្គមមានគណនេយ្យភាព និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការចូលរួមរបស់ប្រជាពលរដ្ឋ ទៅលើការសម្រេចចិត្តផ្សេងនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ហើយសហភាពអឺរ៉ុបក៏នឹងខិតខំរិះរកនូវមធ្យោបាយដើម្បីបន្តជួយគាំទ្រកិច្ចខំប្រឹងប្រែងរបស់កម្ពុជាលើកំណែទម្រង់នេះផងដែរ៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា