នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ទី១៧ ខែធ្នូ ២០១៩នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីភាពបិទកម្មពិធីផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប តំណាងក្រសួង ស្ថាប័ន អង្គទូតនានា អភិបាលរាជធានី-ខេត្ត អង្គការដៃគូអភិវឌ្ឍ ព្រមទាំងអង្គភាព និងស្ថាប័នពាក់ព័ន្ធជាច្រើន។
កម្មវិធីបិទនៃការផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តនូវអនុក្រឹត្យទាំង៤នេះ គឺធ្វើឡើងបន្ទាប់ពីអនុក្រឹត្យទាំង៤ ត្រូវបានប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃដដែលនេះរួចមក តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ក៏បានធ្វើបទបង្ហាញមួយថ្ងៃពេញជូនអង្គពិធីអំពីខ្លឹមសារលម្អិតនៃអនុក្រឹត្យទាំងនេះ និងកិច្ចការជាអាទិភាពនានាដែលត្រូវរៀបចំ និងអនុវត្តដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមដំណើរការតាមរចនាសម្ព័ន្ធថ្មីនេះចាប់ពីដើមឆ្នាំ២០២០នេះតទៅ៕ រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា