ស្របពេលដែលប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យចំនួន០៤ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានផ្តល់គោលការណ៍ណែនាំ ៥ចំនុចដែលត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្ត ដើម្បីធានាឱ្យរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារនានាដែលត្រូវបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តកាន់តែមានប្រសិទ្ធភាពចាប់ពីដើមឆ្នាំ២០២០តទៅ និងទទួលបានជោគជ័យ ដែលក្នុងនោះរួមមាន៖
-ទីមួយ៖ ការរៀបចំធ្វើសមាហរណកម្មការិយាល័យ អង្គភាពនានា និងការផ្ទេរបុគ្គលិកទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្អែកតាមស្មារតីនៃអនុក្រឹត្យដែលបានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តរបស់លេខាធិការដ្ឋាន គ.ជ.អ.ប តាមរយៈក្រុមការងារអន្តរក្រសួង ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌសាមីអាចចាប់ផ្តើមប្រមូល និងចងក្រងទិន្នន័យបុគ្គលិកដែលត្រូវធ្វើសមាហរណកម្មចូលទៅតាមការិយាល័យ និងអង្គភាពនានានៃរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
-ទីពីរ៖ ការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋាន គ.ជ.អ.ប. ត្រូវបន្តខិតខំសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងការកំណត់អំពីចំនួនថវិកាជាក់លាក់ រួមមានថវិកាសម្រាប់បន្ទុកបុគ្គលិក ថវិកាសម្រាប់ប្រតិបត្តិការ និងថវិកាសម្រាប់អនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងការរៀបចំលិខិតបទដ្ឋានបច្ចេកទេសនានា ដើម្បីផ្ទេរធនធានទាំងនេះឱ្យបានទាន់ពេលវេលាទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌក្នុងការចាប់ផ្តើមបំពេញមុខងារដែលបានផ្ទេរឱ្យទាំងនោះចាប់ដើមឆ្នាំ២០២០តទៅ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យ និងកែសម្រួលនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌឱ្យឆ្លើយតបទៅនឹងរចនាសម្ព័ន្ធគ្រប់គ្រងថ្មីនៃរដ្ឋបាលទាំងនោះផងដែរ។
-ទីបី៖ ការរៀបចំលិខិតបទដ្ឋាន និងឯកសារណែនាំបច្ចេកទេសនានា ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចដំណើរការតាមរចនាសម្ព័ន្ធថ្មី និងចាប់ផ្តើមទទួលខុសត្រូវលើការផ្តល់សេវាតាមមុខងារនានា ដែលបានផ្ទេរឱ្យចាប់ពីដើមឆ្នាំ២០២០តទៅ តម្រូវឱ្យមានការរៀបចំនូវសេចក្តីណែនាំបច្ចេកទេសស្តីពីគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដាផ្តល់សេវាតាមវិស័យនានាដែលបានផ្ទេរឱ្យទាំងនោះ។ ចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏តម្រូវឱ្យធ្វើប្រតិភូកម្មមុខងារនានាទៅឱ្យរដ្ឋបាលខណ្ឌផងដែរ។ ដោយឡែកចំពោះការប្រគល់មុខងារក្នុងវិស័យសុខាភិបាល ក៏តម្រូវឱ្យរៀបចំនូវប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តផងដែរ។ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃមន្ទីរសុខាភិបាលរបស់រដ្ឋបាលរាជធានី ខេត្ត និងរៀបចំការណែនាំអំពីកម្មវិធី និងរបៀបរៀបចំការប្រកាសដាក់ឱ្យអនុវត្តនូវរចនាសម្ព័ន្ធនេះនៅតាមរាជធានី និងខេត្តនីមួយៗឱ្យបានយ៉ាងយូរនាចុងឆ្នាំ២០១៩។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃក៏ត្រូវសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងការរៀបចំដីកា ដើម្បីធ្វើប្រតិភូកម្មមុខងារដែលបានកំណត់ក្នុងអនុក្រឹត្យទៅឱ្យរដ្ឋបាលខណ្ឌក្នុងចុងឆ្នាំ២០១៩នេះផងដែរ។
-ទីបួន៖ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមានការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពជាច្រើនបន្ថែមទៀត អំពីមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ អំពីគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដាសម្រាប់ការផ្តល់សេវាតាមវិស័យនានាដែលបានផ្ទេរឱ្យអំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក អំពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលបានកែសម្រួល ដើម្បីធានាឱ្យដំណើរការអនុវត្តតាមរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនានាដែលបានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព។
-ទីប្រាំ៖ ថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រឹងភាពម្ចាស់ការ និងការទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែងបុគ្គលិក និងធនធាននានាសម្រាប់ផ្តល់សេវាតាមវិស័យនានាដែលបានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យមានការចូលរួមគាំទ្រឱ្យកាន់តែសកម្មបន្ថែមទៀតពីតំណាងស្ថាប័ននីតិប្បញ្ញត្តិ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័ននានាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានា ដល់កិច្ចដំណើរការកំណែទម្រង់ការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិដ៏មានសារៈសំខាន់នេះឱ្យសម្រេចបានជោគជ័យតាមគោលបំណងដែលបានគ្រោងទុក។ លើសពីនេះ សម្តេចក្រឡាហោមបានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការព្រមទាំងកំណែទម្រង់សំខាន់ៗដទៃទៀត ដើម្បីរួមចំណែកជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពចម្រើនរុងរឿងផងដែរ៕ គឹមអាន
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា