សម្តេចក្រឡាហោម ស ខេង បានបញ្ជក់ថា អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស គ្រប់វ័យ និងគ្រប់ភេទក្នុងសង្គម
December 12, 2019    អ្នកទស្សនា :

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អំពើជួញដូរមនុស្ស ជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន ដែលប្រកបដោយគ្រោះថ្នាក់ចំពោះមនុស្ស គ្រប់វ័យ គ្រប់ភេទក្នុងសង្គម ដែលគ្រោះថ្នាក់ជាញឹកញាប់ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើចំណាកស្រុក ឬទេសន្តរប្រវេសន៍ ដែលស្វែងរកការងារ និងប្រាក់ចំណូល ដែលនៅឆ្ងាយពីទីកន្លែងដែលខ្លួនរស់នៅ។ ការលើកឡើងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ លើកទី១៣ ដែលប្រារព្ធនាមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ។

      សម្តេចក្រឡាហោមបានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា កំពុងបានខិតខំប្រឹងប្រែង ធ្វើការអប់រំផ្សព្វផ្សាយ ដល់សិស្ស និស្សិត និងប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីកលល្បិចជនល្មើសជួញដូរមនុស្ស និងផលប៉ះពាល់ ក្នុងការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថាន ដែលអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ។ សម្តេច បានគូសបញ្ជាក់ដែរថា  ក្រសួងពាក់ព័ន្ធ រួមជាមួយអាជ្ញាធរ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការផ្សព្វផ្សាយ ឲ្យបានដល់គ្រប់ស្រទាប់នៃយុវជន សិស្ស និស្សិត ប្រជាពលរដ្ឋនៅជនបទ និងតាមតំបន់ដែលមានសេវាកំសាន្ត ឲ្យបានយល់ដឹង អំពីគ្រប់ល្បិចកល របស់ជនខិលខូច ដែលឆ្លៀតឱកាស ប្រើគ្រប់មធ្យោបាយដើម្បីអូសទាញប្រជាពលរដ្ឋ ឲ្យធ្លាក់ចូលក្នុងអន្ទាក់គ្រោះថ្នាក់នៃអំពើជួញដូរមនុស្សផងដែរ។ សម្តេចក្រឡាហោមបានបន្ថែមដែរទៀតថា ស្របតាមសម័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ននេះ ឧក្រិដ្ឋជនបានឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ ដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលក្នុងអន្ទាក់របស់ខ្លួន និងគេចវេសពីសមត្ថកិច្ច ដែលបច្ចុប្បន្ននេះ ប្រព័ន្ធអនឡាញ និងបណ្តាញផ្សព្វផ្សាយសង្គម ក៏បានបង្កើតជាបញ្ហាថ្មី គឺ «ការជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ជាពិសេស លើអនីតិជនតាមប្រព័ន្ធអនឡាញ» ។

      សម្តេចក្រឡាហោមបានអំពាវនាវដល់វិស័យឯកជន ដែលមានកម្មករ ឬពលករបម្រើការក្នុងរោងចក្រ សហគ្រាស និងសេវាកម្មរបស់ខ្លួន សូមពង្រឹងការតាមដាន គ្រប់គ្រង និងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីមានវិធានការ បង្ក្រាប និងផ្តន្ទាទោសឲ្យបានទាន់ពេលវេលាលើជនខិលខូច ដែលបង្កការលំបាក ធ្វើការកេងប្រវ័ញ្ច និងធ្វើអាជីវកម្មលើកម្មករ និង ពលករ នៅក្រៅប្រទេសយ៉ាងអមនុស្សធម៌ រហូតក្លាយជាទាសភាពសម័យទំនើប គួរឲ្យស្អប់ខ្ពើមបំផុត។

      សម្តេចក្រឡាហោម ក៏បានបញ្ជាក់ពីគោលជំហរប្តេជ្ញាចិត្តដ៏រឹងមាំ បន្តប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ក្នុងគោលដៅការពារ និងលើកកម្ពស់ សុវត្ថិភាពរបស់មនុស្សគ្រប់រូប និងសន្តិសុខសង្គម និង លើកកម្ពស់ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និង ផលប្រយោជន៍របស់មនុស្សគ្រប់ភេទ គ្រប់វ័យ ដែលត្រូវបានបំផ្លាញដោយជនល្មើសនៃអំពើជួញដូរមនុស្សដោយការកេងប្រវ័ញ្ច និងការរំលោភបំពាន គ្រប់រូបភាព ឲ្យបានលទ្ធផលល្អប្រសើរជាអតិបរមា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ