សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្រ្តាលី ចូលជួបសម្តែងការគួរសម
December 11, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលអូស្រ្តាលី ចំនួន២0នាក់ ចូលជួបសម្តែងការគួរសម និងដើម្បីស្នើសុំអនុសាសន៍ណែនាំត្រៀមលក្ខណៈមុននិងទៅសិក្សានៅប្រទេសអូស្រ្តាលី នាទីស្តីការក្រសួងមហាផ្ទៃ។

      ថ្លែងក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានមានប្រសាសន៍ណែនាំ និងផ្ដាំផ្ញើដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ឲ្យខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពដើម្បីសិក្សារៀនសូត្រឲ្យបានចប់ចុងចប់ដើមគ្រប់ៗគ្នា។ សម្តេច បានមានប្រសាសន៍បន្តថា ប្រទេសអូស្ត្រាលី ក៏បានដើរតួចូលរួមចំណែកកសាងសន្តិភាពឲ្យកម្ពុជាផងដែរ តាមរយៈការចូលរួមតាក់តែងនូវសេចក្តីព្រាងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស។ ហើយជាបន្តបន្ទាប់មកកម្ពុជា ក៏មានទំនាក់ទំនងល្អលើគ្រប់វិស័យជាមួយប្រទេសអូស្ត្រាលីរួមមាន នយោបាយ សេដ្ឋកិច្ច វិស័យអប់រំ វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតជាច្រើន។ ហើយកិច្ចការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងជាពិសេសអំពើភារវកម្ម គឺគរបាលសហព័ន្ធប្រទេសអូស្ត្រាលី ក៏បានសហការជាមួយនគរបាលជាតិកម្ពុជា ធ្វើការរួមគ្នាបានយ៉ាងល្អប្រសើរក្នុងពេលកន្លងមកផងដែរ។

      សម្ដេចក៏បានបញ្ជាក់ដែរថា សម្រាប់ប្រទេសកម្ពុជា មកដល់បច្ចុប្បន្ននេះកំពុងតែមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងមានកំណើនសេដ្ឋកិច្ច ដែលធ្វើអោយប្រទេសកម្ពុជាកាត់បន្ថយបាននូវភាពក្រីក្រផងដែរ។ ជាមួយគ្នានោះដែរ ក៏ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយមានកាអភិវឌ្ឍន៍មធ្យមកម្រិតទាប ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលនៅតែខិតខំប្រឹងប្រែងជាបន្តថែមទៀតផងដែរ។ ព្រមជាមួយនោះ សម្តេចក្រឡាហោមក៏បានឧបត្ថម្ភថវិកាជូនក្រុមនិស្សិតជ័យលាភីអាហារូបកណ៍ដ្ឋាភិបាលអូស្ត្រាលីនូវថវិកាចំនួន ៦.៣០០ USD (ប្រាំមួយពាន់ បីរយដុល្លារអាមេរិក) ផងដែរ។

      នាឱកាសនោះ ក្រុមនិស្សិតជ័យលាភី ក៏បានថ្លែងសេចក្តីរំភើបរីករាយចំពោះការទទួលបាននូវអនុសាសន៍ណែនាំដ៏ថ្លៃថ្លា និងមានអត្ថន័យរបស់សម្ដេចក្រឡាហោម។ តំណាងក្រុមនិស្សិតទាំងអស់ ក៏បានធ្វើសេចក្តីរាយការណ៍ជូនសម្តេចក្រឡាហោមថា ក្រុមនិស្សិតទាំង២១រូបនេះ គឺជានិស្សិតដែលមកពីវិស័យចម្រុះ គឺមកពីស្ថាប័នរដ្ឋធំៗ ស្ថាប័នវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ក្នុងនោះស្ថាប័នរដ្ឋាភិបាលមានចំនួន៧នាក់ ស្ថាប័នវិស័យឯកជនចំនួន ៧នាក់ និងអង្គការក្រៅរដ្ឋាភិបាលចំនួន៧នាក់។ ក្រុមនិស្សិតទាំងអស់ ក៏បានប្ដេជ្ញាចិត្តខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ និងចាប់យកបទពិសោធន៍នានាពីប្រទេសអូស្រ្តាលី ដើម្បីយកមកចូលរួមអភិវឌ្ឍន៍កសាងប្រទេសកម្ពុជា ជាមួយរាជរដ្ឋាភិបាលក្រោយពីពួកគេបញ្ចប់ការសិក្សានៅប្រទេសអូស្រ្តាលីដោយជោគជ័យផងដែរ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ