រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុនឲ្យកាន់តែរឹងមាំ និងរីកចម្រើនឡើងថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ
December 11, 2019    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន​ឲ្យកាន់​តែរឹងមាំ និងរីកចម្រើនឡើងថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ក្នុង​ជំនួបនាព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ នាទីស្តីការក្រសួងរវាងសម្ដេចក្រឡាហោម និងគណៈ​​ប្រតិភូជប៉ុន សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងជួយ​គាំទ្រ​ដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាក្នុងពេលកន្លងមកផងដែរ។  

ឯកឧត្តម Takahashi Furniaki បានមានប្រសាសន៍ថាក្នុងនាមប្រធាន​ដឹកនាំគណៈប្រតិភូជប៉ុន​មកកម្ពុជា​​នៅពេលនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគផ្សេងៗនៅកម្ពុជា និងក៏ជាឱកាសសម្រាប់​បង្ហាញដល់គណៈប្រតិភូទាំងអស់អំពីអ្វីដែលមានជាក់ស្ដែងក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយជាពិសេសគឺបន្តខិតខំផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងសហគ្រិនក៏ដូចជាវិនិយោគិនវ័យក្មេងរបស់ប្រទេសកម្ពុជា ក្នុងការធ្វើយ៉ាងណាស្វែងរកឱកាសវិនិយោគរួមគ្នារវាង​ក្រុមហ៊ុនឯកជន​របស់ជប៉ុន​ជាមួយនិងវិស័យឯកជនរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៅទៀត​ឯកឧត្តមក៏បាន​​សំណូមពរ សម្ដេចក្រឡាហោមដែលក្នុងនាមជាថ្នាក់ដឹកនាំស្ថាប័នសន្តិសុខជាតិ បន្តជួយដើម្បីធ្វើ​យ៉ាង​​ណាពង្រឹងនូវវិស័យសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងវិនិយោគិនជប៉ុន ក៏ដូចជាវិនិ​យោគិនបរទេសដទៃទៀត ដើម្បីបន្តទាក់ទាញពួកគេឱ្យចូលមកវិនិយោគនៅ​ក្នុងប្រទេសកម្ពុជា​ឲ្យកាន់​តែច្រើនឡើងថែមទៀត។

សម្ដេចក្រឡាហោម បានសម្ដែងនូវការគាំទ្រចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន ដែលមាន​បំណងមកសិក្សាស្វែងយល់ពីស្ថានភាពក៏ដូចជាចាប់អារម្មណ៍ទៅលើវិស័យមួយចំនួនរបស់កម្ពុជានាពេលនេះ។ សម្ដេចក្រឡាហោមបន្ថែមថា សម្តេចពិតជាចង់ឃើញ ការរីកដុះដាលរបស់ក្រុម​ហ៊ុន​ខ្នាត​តូច និងមធ្យមឲ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីពង្រីកវិសាលភាពទៅដល់​គ្រប់ទីកន្លែង​នៅតាមបណ្ដាលខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចក្រឡាហោមបន្តថា នេះក៏ជាការរួម​ចំណែកធ្វើឲ្យប្រជាជនដែលរស់នៅតាមជនបទ ក្នុងព្រះរាជាណាចក្រកម្ពុជា​មានឱកាសក្នុង​ការ​ស្វែង​រកការងារ និងមានលទ្ធភាពក្នុងការបង្កបង្កើតអាជីវកម្ម ឬក៏អាជីពផ្សេងៗនៅមូលដ្ឋាន​របស់ខ្លួនផងដែរ។ សម្ដេចក្រឡាហោម ពិតជារីករាយនិងទទួលយកនូវសំណើ ហើយនឹងបន្តខិត​ខំធ្វើយ៉ាងណាថែរក្សានូវសន្តិសុខ សុវត្ថិភាព ក៏ដូចជាជួយសម្របសម្រួលដល់ដំណើរ​ការវិនិ​យោគរបស់​វិនិយោគិននៅកម្ពុជាឲ្យសម្រេចបានជោគជ័យ។

ទន្ទឹមនោះសម្ដេចក្រឡាហោម ក៏បានស្នើដល់ក្រុមហ៊ុនទាំងអស់របស់​ជប៉ុនដែលមានវត្តមាន​ក្នុងថ្ងៃនេះ បន្តធ្វើការជាមួយនឹងផ្នែកពាក់ព័ន្ធ និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើយ៉ាងណាសិក្សារកឱកាសដើម្បីដាក់ទុនវិនិយោគទៅលើវិស័យជំនាញនីមួយៗរបស់ក្រុមហ៊ុនខ្លួន។ ជាមួយគ្នានោះសម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថានឹងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមដោះ​ស្រាយ​ចំពោះ​បញ្ហាប្រឈមផ្សេងៗដែលក្រុមហ៊ុន ឬវិស័យឯកជនរបស់ជប៉ុន​មាននៅកម្ពុជា​ផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ