អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បើកកិច្ចប្រជុំបូក​សរុប​លទ្ធ​ផល​ការងារខែវិច្ឆិកា និងលើកទិស​ដៅការងារខែធ្នូ ឆ្នាំ២០១៩
December 09, 2019    អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំ កិច្ចប្រជុំបូកសរុប​លទ្ធផល​ការងារខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញ​ចូលរួមពី ឯកឧត្ដម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយ-នាយរង​ការិយា​ល័យ ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ សរុប ២៩៥​រូប។

      តាមសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការបូកសរុបលទ្ធផល​ការងារ​ខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០១៩ របស់អគ្គនាយក​ដ្ឋាន​ភស្តុភារ និងហិរញ្ញវត្ថុ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ នាយក​ដ្ឋាន-អង្គភាព ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បាន​បំពេញ​ភារកិច្ច និងអនុវត្តសម្រេចបានលទ្ធផលការ​ងារដូចខាង​ក្រោម (គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩) ៖
១.ការងារគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ
២.ការងារគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ
៣.ការងារភស្តុភារ និងសម្ភារបច្ចេកទេស
៤.ការងារផ្សព្វផ្សាយអប់រំ
៥.ការងារវិទ្យុ និងទូរទស្សន៍មហាផ្ទៃ
៦.ការងារសុខាភិបាល
៧.ការងារស្ថាបនា និងវិស្វកម្ម
៨.ការងារស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេស
៩.ការងាររដ្ឋបាលសរុប។

      ក្នុងនោះដែរ ចំពោះទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ ២០១៩ ៖
-រៀបចំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និង​លើកទិសដៅការងារឆ្នាំ ២០២០ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជូនក្រសួងមហាផ្ទៃ
-ពន្លឿនបញ្ចប់ការទូទាត់ថវិកាប្រចាំឆ្នាំ ២០១៩ ជាមួយក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-ត្រៀមរៀបចំរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍សមិទ្ធកម្ម​ប្រចាំ​ឆ្នាំ ២០១៩
-ត្រៀមបែងចែកកញ្ចប់ថវិកាសម្រាប់គម្រោងផែនការឆ្នាំ ២០២០។
-ត្រៀមលើកសំណើសុំធានាចំណាយថវិកាអនុវត្តលទ្ធកម្ម សម្រាប់​គម្រោងផែនការឆ្នាំ ២០២០
-បើកបៀវត្សជូនថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការស៊ីវិល កងកម្លាំង​នគរ​បាលជាតិ មន្ត្រីពន្ធនាគារប្រចាំខែធ្នូ និងរបស់ផ្គត់ផ្គង់​ជីវភាព​ជនជាប់ឃុំប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៩
-បើកកញ្ចប់ឯកសារដេញថ្លៃចំនួន ៤ គម្រោង ចរចាថ្លៃចំនួន ៧ គម្រោងនិងប្រគល់ទទួលចំនួន ៣ គម្រោង ផ្នែកសន្តិសុខ​សាធារណៈ
-បន្តជំរុញនាយកដ្ឋាន-អង្គភាព ចំណុះក្រសួង និងស្នងការ​ដ្ឋាន​នគរ​បាលរាជធានី-ខេត្ត ធ្វើបញ្ជីសារពើភ័ណ្ឌ និងតារាង​ប្រៀប​ធៀបកើនឡើង-ថយចុះ នៃទ្រព្យសម្បត្តិរដ្ឋ​ប្រចាំឆ្នាំ​ទាន់ពេល​វេលា
-រៀបចំគម្រោងបែងចែកប្រេងឥន្ទនៈបេសកកម្ម អង្ករគោលដៅ​សម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២០ ជូននាយកដ្ឋាន-អង្គភាព និងស្នង​ការដ្ឋាននគរបាលរាជធានី-ខេត្ត
-ចុះយកព័ត៌មាន រៀបចំខ្លឹមសារអត្ថបទសម្រាប់ចេញផ្សាយ​ទស្សនា​វដ្តី​ក្រសួងមហាផ្ទៃលេខ ២២១-២២២ និងទស្សនាវដ្តីមិត្ត​នគរបាលលេខ ៩០
-សហការជាមួយនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាល និង​រដ្ឋបាលរាជធានី-ខេត្ត ចុះយកព័ត៌មាន ដើម្បីផ្សាយតាមនាទី​សន្តិ​សុខមាតុភូមិ គេហទំព័រ និងបណ្ដាញទំនាក់​ទំនងសង្គមហ្វេស​ប៊ុក
-បន្តចុះធ្វើសិក្ខាសាលា ស្តីពីសុខភាពនគរបាលនៅ​ស្នងការដ្ឋាន​នគរបាលខេត្ត និងបញ្ជូនមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ វគ្គទី ៤ ឆ្នាំ ២០១៩ ធ្វើពិនិត្យសុខភាព និងព្យាបាលជម្ងឺ នៅសាធារណរដ្ឋ​សង្គម​និយមវៀតណាម
-បន្តសាងសង់អគារអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍ន​គរ​បាលរដ្ឋបាលឃុំ-សង្កាត់ អគារស្នាក់នៅ ៧ ខ្នង ផ្ទះបាយ ៧ ខ្នង របស់នាយកដ្ឋាននគរបាលការពារព្រំដែនគោក និងបន្តសាងសង់ ជួសជុលសំណង់ អគារនានា ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគោល​ការណ៍សម្រេចពីថ្នាក់ដឹកនាំ
-បន្តសិក្សាស្រាវជ្រាវឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ដើម្បី​បម្រើដល់កិច្ចការងារពង្រឹងសណ្ដាប់ធ្នាប់ចរាចរណ៍៕

ប្រភព៖​ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ