សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលនៅតែបន្តពង្រឹងឆន្ទៈភាពជាដៃគូរជាមួយសង្គមស៊ីវិល បើទោះជា​កន្លងមក​មានមតិរិះគន់មកលើរដ្ឋាភិបាលដោយគ្មានមូលដ្ឋានច្បាស់លាស់យ៉ាងណាក្តី
December 06, 2019    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើក​ឡើ់ងថា រាជរដ្ឋាភិបាលគឹមានគោលការណ៍ក្នុងការបន្តពង្រឹងឆន្ទៈភាព​ជាដៃគូរជាមួយអង្គការ​សង្គម​ស៊ីវិលក្នុងពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ដើម្បីលើកកម្ពស់ភាពជាដៃគូនេះ ដែលជាក់ស្តែង​កន្លងទៅ រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវកង្វល់ សំណូមពរនានា​របស់​អង្គការ​សង្គម​ស៊ីវិល នៅពេលដែល ទទួលបាននូវព័ត៌មានជាក់លាក់ ហើយជាព័ត៌មានពិតប្រាកដ។ ថ្លែងក្នុងពិធីបិទសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ របស់​គណៈកម្មាធិការជាតិសម្រាប់ការអភវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោមបានបន្តថា កន្លងមកមានការលើកឡើងថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់​ដោះ​ស្រាយបញ្ហាមួយចំនួនជូនអង្គការសង្គមស៊ីវិល ប៉ុន្តែនេះគឺជាចំនុចដែលគ្មានមូលដ្ឋានច្បាស់លាស់ ដោយហេតុថា ព័ត៌មាន ឬបញ្ហាប្រឈមទាំងនោះ គឺមិនបានបញ្ជូនមកដល់រដ្ឋាភិបាល​ដើម្បីមាន​ចំណាត់​ការដោះស្រាយនោះឡើយ។ សម្តេចក្រឡាហោមបានបន្ថែមថា តាមរយៈស្ថានភាពខាងលើ សម្តេចក៏បានសរសេរក្នុងរបាយការណ៍ឆ្លើយតបទៅសហគមន៍អឺរ៉ុបផងដែរថា តាមយៈការត្អូញត្អែរ​អំពីការគំរាមកំហែង ការគាបសង្កត់ ក៏ប៉ុន្តែព័ត៌មានជាក់លាក់សម្តេចមិនបានទទួលនោះទេ ហើយ​សម្តេចតែងតែធ្វើការណែនាំ តាមគ្រប់រូបភាពទាំងអស់ក្នុងការរំឭកអំពីការលើកកម្ពស់​ភាពជា​ដៃគូរ​ជា​មួយអង្គការសង្គមស៊ីវិលនេះ។ សម្តេចក្រឡាហោម ក៏បានលើកឡើងបន្ថែមដែរថា ដើម្បីពង្រឹង​ភាពជាដៃគូ ភាគីទាំងពីរត្រូវមានការតាំងចិត្តដូចគ្នា ប៉ុន្តែបើភាគីម្ខាងតាំងចិត្តថាពង្រឹងភាពជាដៃគូ តែម្ខាងទៀតមិនតាំងចិត្តក៏មិនអាចទៅរួចផងដែរ។
 

ជាមួយគ្នានោះដែរសម្តេចក្រឡាហោមបានបញ្ជាក់ថា ចំពោះរាល់កង្វល់ ឫមតិនានារបស់សង្គម​ស៊ីវិលរដ្ឋាភោបាលបានយកចិត្តទុកដាក់បំផុត រហូតដល់បានបង្កើតជាវេទិការយៈពេល ៦ ខែម្ដង ដើម្បីនឹងផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ក្នុងការលើកឡើងនូវកង្វល់បញ្ហាផ្សេងៗ ដោយមាន​ប្រធាន​ជារដ្ឋលេខាធិការរបស់ក្រសួងមហាផ្ទៃ និងមានសមាសភាពពីក្រសួងស្ថាប័ន​នានាចូលរួម​ផងដែរ ពិសេសពីក្រសួងការបរទេស ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌ផងដែរ។ បន្ថែម​លើសពីនេះ សម្តេចបានលើកទឹកចិត្តអោយក្រុមការងារ​ទាំងអស់សិក្សាអោយអស់​លទ្ធភាពអំពី​ច្បាប់​ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីឈានទៅធ្វើវិសោធន​កម្មច្បាប់នេះអោយ​កាន់តែល្អប្រសើរ ដូច្នេះបានន័យថាយើងមិនបានទុកចោលនូវកង្វល់​ឬមតិនានារបស់អង្គការសង្គម​ស៊ីវិលនោះទេ ទាំងអង្គការសង្គមស៊ីវិលដែលធ្វើការងារតស៊ូមតិ និងអង្គការសង្គមស៊ីវិលដែល​ធ្វើការងារអភិវឌ្ឍន៍។
  សម្តេចក្រឡហោមក៏បានអំពាវនាវដល់អង្គការសង្គមស៊ីវិលសូមចូលរួមលើកកម្ពស់ភាពជាដៃគូរជាមួយនឹងរដ្ឋាភិបាល ដើម្បីសហការរួមគ្នាសម្រាប់ផលប្រយោជន៍ទាំងអស់គ្នា។ រាជរដ្ឋាភិបាលមិនចាត់​ទុក អង្គការសង្គមស៊ីវិលដែលធ្វើការតស៊ូមតិនោះគឺជាអ្នកប្រឆាំងទេ ប៉ុន្តែជាមួយគ្នានោះមតិទាំង​នោះ​ត្រុវផ្តល់​​ប្រយោជន៍​រួមសម្រាប់សង្គមជាតិទាំងមូល៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ