សម្តេចក្រឡាហោម ស ខេង៖ ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចូលរួមលើកកម្ពស់តួនាទី សមត្ថភាព និងការទទួលខុសត្រូ​វ​របស់​រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការផ្តល់សេវាសាធារណៈចាំបាច់នានា
December 05, 2019    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា រាជរដ្ឋាភិបាល​បានដាក់ចេញនូវអនុក្រឹត្យស្តីពីការកែសម្រួលរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ដើម្បីជំរុញឱ្យផ្តល់សេវាដោយផ្ទាល់ជូនប្រជាពលរដ្ឋ ដែរនេះគឺជាការផ្លាស់​ប្តូរដ៏​ធំធេង​មួយនៃប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរៀបចំនូវសកម្មភាពជាក់លាក់ដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់ខ្លួនសម្រាប់ជួយគាំទ្រឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចបំពេញមុខងារក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ សម្តេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធបតី​ក្នុង​ពិធី​បិទសិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ របស់ (គ.ជ.អ.ប)​នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោមបានបន្តថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចាំបាច់​ត្រូវ​សហការជាមួយក្រសួងស្ថាប័ននានាដើម្បីធានាដល់ការផ្ទេរធនធានហិរញ្ញវត្ថុឱ្យបានសមស្របផ្អែកលើ​មុខងារនីមួយៗដែលបានផ្ទេរនិងរៀបចំការណែនាំឱ្យបានច្បាស់លាស់អំពីបែបបទ និងនីតិវិធី​នៃ​ការ​​គ្រប់គ្រងប្រើប្រាស់ធនធានទាំងនោះ ក៏ដូចជាបែបបទនៃការរៀបចំនូវគម្រោង​ថវិកាចំណាយរ​បស់​​រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់បណ្តាឆ្នាំជាបន្តបន្ទាប់ទៀត។ ជាងនេះទៅទៀត ក្រសួងមុខងារ​សាធារណៈត្រូវទទួលខុសត្រូវក្នុងការជួយគាំប្រដល់រដ្ឋបាលទាំងនេះអំពីកិច្ចការនានាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិក ព្រមជាមួយគ្នានោះដែរ ក្រសួងស្ថាប័ននានាដែលបានផ្ទេរ​មុខងារមួយ​ចំនួនទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនេះ ក៏ចាំបាច់ត្រូវដាក់ចេញជាបន្ទាន់នូវ​សេចក្តីណែនាំ​បច្ចេក​ទេស និងការកំណត់អំពីនិយាម ឬស្តង់ដានៃការផ្តល់សេវាពាក់ព័ន្ធនឹងមុខងារ​ទាំងនោះឱ្យបាន​ច្បាស់លាស់។  សម្តេចក្រឡាហោមបានគូសបញ្ជាក់បន្ថែមថា លេខាធិការដ្ឋាន គ.ជ.អ.ប និង​អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃត្រូវរៀបចំនូវគម្រោងសកម្មភាពជាក់លាក់មួយចំនួន ព្រមទាំ​ងសហការគ្នាឱ្យបានជិតស្និតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានា និងសមាគមរដ្ឋបាល​ថ្នាក់ក្រោមជាតិ ដើម្បីតាមដានត្រួតពិនិត្យ និងផ្តល់អន្តរាគមន៍ក្នុងករណីចាំបាច់ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានភាពទន់ខ្សោយ។ សម្តេចបានបន្ថែមដែរថា រដ្ឋបាលថ្នាក់ក្រោមជាតិ​ចាំបាច់​ត្រូវខិតខំប្រឹងពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយគំនិតឆ្នៃប្រឌិត និងស្មារតី​ទទួលខុសត្រូវយ៉ាងខ្ពស់បំផុត និងត្រូវរាយការណ៍ជាបន្ទាន់អំពីបញ្ហាប្រឈមនានា៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ