សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យនាយកប្រចាំតំបន់នៃការអនុវត្តន៍ជាសកលនូវការ​អភិវឌ្ឍន៍ប្រកបដោយ​និរន្តរភាពនៃធនាគារពិភពលោកចូលជួបសម្តែងការគួរសម
December 05, 2019    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តន៍​ជាសកលនូវការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃធនាគារពិភពលោក ព្រមទាំងសហការី ចូលជួប​សម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ។

លោក Benoit Bosquet បានបង្ហាញនូវចំណាប់អារម្មណ៍របស់លោក ដែលបានមកបំពេញទស្សន​កិច្ចនៅ​ក្នុងប្រទេសកម្ពុជាឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏ស្រស់ស្អាត ហើយលោកក៏​បាន​កត់​សម្គាល់ឃើញថា ប្រទេសកម្ពុជាកំពុងមានកិច្ចខំប្រែងនៅលើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងបង្កើននៃគណនេយ្យភាពសង្គមនៅថ្នាក់មូលដ្ឋានផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំ​អនុក្រឹត្យថ្មីចំនួន​០៤ ដែលនឹងត្រូវធ្វើការផ្សព្វផ្សាយក្នុងពេលខាងមុខនេះរួមមាន ការគ្រប់គ្រងរដ្ឋបាល​ថ្នាក់​​ក្រុង ថ្នាក់ស្រុក ថ្នាក់ខណ្ឌ និងអនុក្រឹត្យពាក់ព័ន្ធនឹងវិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន​។ នៅក្នុងកំណែ​ទម្រង់ទាក់ទងទៅនឹងវិស័យអប់រំ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៏លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងមានគម្រោងនៅខេត្តបាត់ដំបង ដែលផ្ទេរមុខងារការគ្រប់គ្រងវិស័យអប់រំ​នៅកម្រិតបឋមសិក្សា មតេយ្យសិក្សា ទាំងរដ្ឋ និងឯកជនទៅឱ្យថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រង។ ដោយឡែក វិស័យសុខាភិបាល រដ្ឋាភិបាលក៏កំពុងធ្វើការផ្ទេរការគ្រប់គ្រងមន្ទីរពេទ្យខេត្ត មន្ទីរ​ពេទ្យស្រុក ទៅឲ្យខេត្តជាអ្នកគ្រប់គ្រងហើយទុកកិច្ចការស្នូលមួយចំនួនដូចជា ការបណ្តុះបណ្ដាល​ធនធានមនុស្ស ថ្នាំពេទ្យជាដើមទុកឲ្យក្រសួងសុខាភិបាលជាអ្នកគ្រប់គ្រង។ ចំពោះការបង្កើតការិយា​ល័យច្រកចេញចូលតែមួយនៅតាមមូលដ្ឋាន មកដល់ពេលនេះរដ្ឋាភិបាលបានបង្កើតបាន ៧០ភាគ​រយ​ក្នុងគម្រោង។ ការផ្ទេរថវិកាអភិវឌ្ឍន៍ឃុំ សង្កាត់ទៅថ្នាក់មូលដ្ឋានបច្ចុប្បន្ន គឺមានទំហំរហូតដល់ ៧៥,០០០ដុល្លារ ដោយកាលពីមុនមានត្រឹមតែ ៣៥,០០០ដុល្លារ ហើយនឹងបន្តកើនទៅដល់ ១០០,០០០ម៉ឺនដុល្លារនៅឆ្នាំ ២០២១-២០២២ខាងមុខ។ សម្ដេចក្រឡាហោមបានមានប្រសាសន៍​បន្ថែមថា កិច្ចការងារកំណែទម្រង់នេះគឺជាការងារដ៏លំបាក ហើយទាមទារឲ្យធ្វើយ៉ាងណាសម្រេច​បាន​ជោគជ័យ ដើម្បីទាញយកការគាំទ្រពីប្រជាពលរដ្ឋ និងទាំងសង្គមអន្តរជាតិផងដែរ។

ទាក់ទងទៅនឹងការលើកឡើងទាំងនេះ លោក Benoit Bosquet ក៏បានឯកភាព និងស្នើសុំចូល​រួម​ចំណែកក្នុងការលើកកម្ពស់ដល់ជីវភាពរបស់ប្រជាជននៅតាមថ្នាក់មូលដ្ឋាន ហើយជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ឃើញថា បញ្ហាវិសមភាពយេនឌ័រដែលកំពុងកើតមាន​ដោយមានស្ត្រី​បំលាស់ទីលំនៅទៅរកការងារធ្វើនៅឆ្ងាយ ដោយកូនៗរបស់ពួកគេពុំទទួលបានសេវាថែទាំ គ្រប់គ្រាន់ ដោយស្ត្រីមួយចំនួនខ្លះបានផ្ញើកូនរបស់ពួកគេនៅជាមួយឪពុកម្ដាយជាអ្នកមើលថែ ហើយការមើលថែកុមារទាំងនោះពុំបានសព្វគ្រប់ជ្រុងជ្រោយ ដែលអាចបណ្ដោយ​ឱ្យកុមារទាំងនោះ​ជួបគ្រោះថ្នាក់ហើយអាចឈានដល់ការបាត់បង់អាយុជីវិតផងដែរ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ក៏បានឯកភាពចំពោះការ​លើកឡើងរបស់ភាគីធនាគារ​ពិភពលោក ហើយសម្ដេចក៏មានប្រសាសន៍ថា នេះជាគម្រោងមួយដ៏ល្អ និងផ្ដល់ការគាំទ្រទាំង​ស្រុង​ដល់ការលើកឡើងរបស់ខាងភាគីធនាគារពិភពលោក។ ជាមួយគ្នានេះផងដែរ សម្ដេចក៏បានស្នើ​ដល់ភាគីធនាគារពិភពលោកឱ្យចូលរួមជាមួយគម្រោងផ្ទេរមុខងារវិស័យអប់រំនៅខេត្តបាត់ដំបងដើម្បីជួយជ្រំជ្រែងធ្វើយ៉ាងណាឲ្យគម្រោងនេះទទួលបានជោគជ័យ។ ជាការឆ្លើយតប ភាគីធនាគារពិភព​លោក និងត្រៀមខ្លួនជានិច្ចដើម្បីជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងគម្រោងទាំងនេះផងដែរ៕រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ