គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើកសិក្ខាសាលា​ជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០
December 05, 2019    អ្នកទស្សនា :

នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០១៩ លេខាធិការដ្ឋាននៃគណៈ​កម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានបើក​សិក្ខាសាលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០ របស់គណៈកម្មាធិការ​ជាតិ​សម្រាប់ការអភវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាព ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពី តំណាង​ក្រសួង ស្ថាប័ននានា តំណាងគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប អភិបាល​រាជធានី-ខេត្ត អង្គការដៃគូនានា និងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើន។

ថ្លែងក្នុងឱកាសបើកសិក្ខាសាលានេះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានមានប្រសាសន៍ថា ការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០ របស់គ.ជ.អ.ប នេះត្រូវបានគិតគូរប្រមូលផ្តុំនូវ​បញ្ហាជាអាទិភាព​នានាដែលបានកំណត់ក្នុងកម្មវិធីជាតិ១០ឆ្នាំ ហើយអ្វីមិនទាន់អាចសម្រេច​បាន​ក្នុងបណ្តាឆ្នាំកន្លងមក ព្រមជាមួយនិងបញ្ហាជាអាទិភាពនានាគឺគ្រោង​សម្រេចឲ្យបាននាឆ្នាំចុង​ក្រោយនៃកម្មវិធីជាតិនេះ ដោយផ្អែកលើមូលដ្ឋាននៃកម្មវិធីនយោបាយ យុទ្ធសាស្រ្តចតុកោណ​ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ(២០១៩-២០២៣) ព្រមទាំងផ្អែកលើមូលដ្ឋាន​នៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម។ សកម្មភាពជាអាទិភាពនានាដែលត្រូវបាន​គ្រោងក្នុងសេច​ក្តី​ព្រាង​បឋមនៃផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០ របស់គ.ជ.អ.ប ដែលនឹងត្រូវយក​មក​ពិនិត្យ និងពិភាក្សាគ្នាក្នុងសិក្ខាសាលានេះ ក៏មានការជជែកពិភាក្សាគ្នាជាបឋមជា​មួយក្រុមការ​ងារ​តំណាងក្រសួង ស្ថាប័នអនុវត្តនាពេលកន្លងមកផងដែរ។ ឯកឧត្តម ក៏បានបន្តថា សេចក្តីព្រាង​បឋមនៃផែនការសកម្មភាព និងថវិកាឆ្នាំ២០២០នេះ បានរៀបចំឡើងដោយផ្អែក​ទៅលើគម្រោង​ថវិកា​សរុបប្រមាណជាង ៣,៥ទ្រីលានរៀល ឬមានចំនួនប្រមាណជិត ៩០០ លានដុល្លារអាមេរិក ដែលក្នុងនោះថវិការដ្ឋប្រមាណជិត ៩៥% និងថវិកាចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ប្រមាណជាង ៥% ដោយក្នុងនោះថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ មានចំនួនប្រមាណជាង ៣,៤ ទ្រីលាន​រៀល ឬមានចំនួនប្រមាណជាង៨៥៥លានដុល្លារអាមេរិក។ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ថវិកា​របស់រដ្ឋបាល ថ្នាក់ក្រោមជាតិឆ្នាំ២០២០ខាងមុខនេះ មានចំនួនកើនឡើងប្រមាណជិត ១,១ទ្រី​លានរៀល ឬ មានចំនួនប្រមាណជាង២៧៦លានដុល្លារអាមេរិក ដោយសារការបង្កើន​អត្រាចូលរួម​ពីថវិការដ្ឋទៅក្នុងមូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុក និងការបង្កើតឱ្យមាននូវប្រភពចំណូល​ផ្សេងៗទៀតសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមបានបន្ថែមថា ដើម្បីអនុវត្តកម្មវិធី​ជាតិ​កំណែទម្រង់រដ្ឋបាលសាធារណៈនេះឱ្យបានសមស្រប ផែនការសកម្មភាពនេះ បានកំណត់នូវ​ចក្ខុវិស័យដ៏ច្បាស់លាស់មួយគឺ ការធានាឲ្យបាននូវរដ្ឋបាលសាធារណៈផ្តោតលើប្រជាជន​ជាស្នូល​ដែលមានលក្ខណៈខ្លាំង ស្អាតស្អំ និងឆ្លាតវៃ។ មន្រ្តីរាជការសាធារណៈត្រូវប្រកាន់យកគោល​ការណ៍សុចរិតធម៌ បំពេញការងារដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវ ឈរលើអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ឯកឧត្តមបានគូសបញ្ជាក់​បន្ថែមថា ដើម្បីសម្រេចបាននូវចក្ខុវិស័យសម្រាប់ផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០នេះនឹង​ប្រើ​ប្រាស់នូវ​យុទ្ធសាស្រ្តចំនួន៣គឺ៖ ១.ការជំរុញនវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យា​ព័ត៌មាន​ក្នុងរដ្ឋបាលសាធារណៈ, ២.ការជំរុញនិងការដាក់ឲ្យអនុវត្តប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម, និង ៣.ការផ្សារភ្ជាប់សកម្មភាពកំណែទម្រង់រដ្ឋបាលសាធារណៈជាមួយនឹងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ដែរថា ផែនការសកម្មភាព និងថវិកា ឆ្នាំ២០២០នេះនឹងត្រូវដាក់ឲ្យអនុវត្តជាបីដំណាក់​កាលដូចខាងក្រោម៖ ដំណាក់កាលទី១(២០១៩-២០២៣)៖ ជាដំណាក់កាលការពង្រឹង​សមិទ្ធកម្មក្នុង​រដ្ឋបាលសាធារណៈ ដោយផ្តោតលើការកែទម្រង់និងការលើកកម្ពស់សមត្ថភាពស្ថាប័នសាធារណៈ ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ។ ដំណាក់កាលទី២ (២០២៣-២០២៧) ជាដំណាក់កាលនៃការអនុវត្តនិងការត្រួតពិនិត្យវាយ​តម្លៃប្រព័ន្ធ​គ្រប់គ្រងផ្អែកលើសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈដោយផ្តោតលើការបន្តពង្រឹងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ការដាក់ឲ្យអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃប្រព័ន្ធគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម។ ដំណាក់កាលទី៣ (២០២៧-២០៣០) ជាដំណាក់កាលនៃការលើកកម្ពស់គណនេយ្យភាព​សមិទ្ធកម្ម​ចំពោះសេវាសាធារណៈ ដោយផ្តោតទៅលើការបន្តអនុវត្ត និងការត្រួតពិនិត្យវាយតម្លៃប្រព័ន្ធ​គ្រប់​គ្រងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ការផ្តល់សេវាសាធារណៈប្រកបដោយឧត្តមភាព  និងការ​ត្រួតពិនិត្យវាយតម្លៃគណនេយ្យភាពសមិទ្ធកម្មចំពោះសេវាសាធារណៈ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ