នាទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំជាមួយអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ និងពិភាក្សាសំណើ និងអនុសាសន៏របស់អង្គការសង្គមស៊ីវិល ក្នុងការធ្វើ វិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលដឹក នាំដោយ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន ក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយសំណើ និងសំណូមពរ របស់អង្គការសង្គមស៊ីវិល ដោយមានការចូលរួមពី អនុប្រធាន សមាជិក ក្រុមការងារអន្តរក្រសួងរបស់រាជរដ្ឋាភិបាល អង្គទូតនានា ព្រមទាំងអង្គការ សង្គមស៊ីវិល និងអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនផងដែរ។
កិច្ចប្រជុំលើកទី២ នេះគឺធ្វើឡើងដើម្បីពិគ្រោះយោបល់ពិនិត្យ និងពិភាក្សាលើខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលតាមសំណើរបស់អង្គការសង្គមស៊ីវិល បន្ទាប់ពីមានតំណាងអង្គការសង្គមស៊ីវិលមួយចំនួនបានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៧មាត្រា ដែលពួកគេថា បានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យដែលពួកគេកំពុងធ្វើសកម្មភាពការងារនានា។
សូមបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែន រដ្ឋាភិបាលមានគោលបំណងធានាការពារ សិទ្ធិសេរីភាព ក្នុងការបង្កើតសមាគម និងអង្គការមែនរដ្ឋាភិបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារ ផលប្រយោជន៍ស្របច្បាប់របស់ខ្លួន និងការពារផលប្រយោជន៍សាធារណៈព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាមនិងអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈ៕ រតនា
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា