អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ និងគោលការណែនាំស្តីពីការរៀបចំបង្កើតភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀន
November 26, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ និងគោលការណែនាំស្តីពីការរៀបចំបង្កើតភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀន ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៏ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក នៃក្រុមការងារអន្តរក្រសួង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។ 

      កិច្ចប្រជុំនេះពិភាក្សាលើរបៀបវារៈ ចំនួន៣ចំនុចសំខាន់ៗរួមមាន៖ ១.តើយន្តការនៅថ្នាក់មូលដ្ឋានភូមិ ឃុំ សង្កាត់ ដែលបានព្រាងនេះគ្រប់ជ្រុងជ្រោយហើយឬនៅ ហើយតួនាទីភារកិច្ចអាចបំរើការបានដោយប្រសិទ្ធភាពឬទេ, ២.យន្តការគាំទ្រដល់រាជធានី ខេត្ត ក្រុង ស្រុកទាំងថ្នាក់ជាតិគ្រប់គ្រាន់ហើយឬនៅ, ៣.ដើម្បីអនុវត្តបានដោយរលូន និងមានប្រសិទ្ធភាព តើគួរបន្ថែម ឬលុបចោលនូវផ្នែកណាមួយដែរឬទេ។

      ឯកឧត្តម នាយឧត្តមសេនីយ៏ ជួន សុវណ្ណ មានប្រសាសន៍ថាកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិ និងគោលការណែនាំស្តីពីការរៀបចំបង្កើតភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀន ដើម្បីដាក់ចេញនូវគោលនយោបាយទិសដៅបន្តឱ្យទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ អោយអនុវត្តតាមគោលការណែនាំពីប្រមុខរាជរដ្ឋាភិបាល និងសម្តេចក្រឡោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់ និងបង្កើននូវប្រសិទ្ធភាពនៃការងារត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ និងមាននិរន្តរភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាក្នុងគោលដៅពង្រឹងនូវកាអនុវត្តគោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្តិភាពរបស់រាជរដ្ឋភិបាល និងស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុ។

      ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៏ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគោលនយោបាយជាតិ និងគោលការណែនាំស្តីពីការរៀបចំបង្កើតភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀន ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេប និងមានប្រសាសន៍ថា ដើម្បីឆ្លើយតបលើដំណោះស្រាយបញ្ហាគ្រឿងញៀន និងដោយយោងលើបទពិសោធន៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលអាចទទួលបានលទ្ធផលល្អ និងជោគជ័យ គឺត្រូវមានយន្តការជាអចិន្ត្រៃយ៍សម្រាប់ឆ្លើយតបបញ្ហាគ្រឿងញៀនជាពហុវិស័យ ដោយមានការចូលរួមពីគ្រប់សមាសភាពសង្គមទាំងក្នុងកម្រិតថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រួមទាំងនីតិបុគ្គល និងរូបវន្តបុគ្គលក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ដូចខាងក្រោម ៖

ក្នុងកម្រិតថ្នាក់ជាតិ ៖
-មានច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលមានខ្លឹមសារឆ្លើយតបទៅនិងបច្ចុប្បន្នភាព
-មានគោលនយោបាយជាតិច្បាស់លាស់
-មានផែនការជាតិ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន
-មានយន្តការសម្របសម្រួល គាំទ្រ និងអង្គភាពទទួលខុសត្រូវ ដោយមានការចូលរួម និងឆ្លើយតបជាពហុវិស័យ (ការងារផ្សព្វផ្សាយ អប់រំ, ការងារព្យាបាល ស្តារនីតិសម្បទ) បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្ម, និងការងារអនុវត្តច្បាប់) សម្រាប់ធ្វើយតប និងគាំទ្រដល់ថ្នាក់ក្រោមជាតិ
-មានការចូលរួម និងគាំទ្រ វិស័យឯកជន សាសនា និងសប្បុរសធម៌ និងស្ថាប័នកំពូលៗ របស់ជាតិផ្សេង

ក្នុងកម្រិតថ្នាក់ក្រោមជាតិ ៖
-ត្រូវមាននូវយន្តការប្រយុទ្ធប្រឆាំងគ្រប់កម្រិត តិរាជធានី/ខេត្ត, ខ័ណ្ឌ, ក្រុង/ស្រុក, សង្កាត់/ឃុំ និងភូមិ
-យន្តការ ឬក្រុមការងារនៅក្នុងសហគមន៍, ភូមិ និងឃុំ ជាយន្តការសំខាន់បំផុត
-ប្រជាជនក្នុងសហគមន៍ ក្នុងភូមិចូលរួម និងបាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាដែលខ្លួនត្រូវដោះស្រាយ
និង ការប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវចាប់ផ្តើមពីបុគ្គលម្នាក់ៗ ពីក្រុមគ្រួសារនីមួយៗ ពីសហគមន៍មួយ និងពីភូមិនីមួយៗ ដើម្បីឈានទៅលុបបំបាត់គ្រឿងញៀននៅតាមមូលដ្ឋាន៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ