សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី
November 25, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី «ទេពនាដវដ្ដីឯក» ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត អង្គសម្តេចម៉ែ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះរាជពិធីប្រព្រឹត្តិទៅនៅព្រះមេរុ មុខវត្តបទុមវតី រាជធានីភ្នំពេញ។

      បន្ទាប់ពីព្រះរាជពិធីថ្វាយព្រះរាជកុសល និងគោរពព្រះវិញ្ញាណក្ខន្ធពីសំណាក់ ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួង ស្ថាប័ននានា និងប្រជាពលរដ្ឋ នាថ្ងៃកន្លងមកត្រូវបានបញ្ចប់។ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងព្រះញាតិវង្សានុវង្ស ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋជាច្រើន បានយាង និងអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយព្រះភ្លើងដល់ព្រះបរមសពជាលើកចុងក្រោយ ដើម្បីឧទ្ទិសមហាកុសលថ្វាយដល់ព្រះវិញ្ញាណក្ខន្ធសម្តេចរាជបុត្រី ព្រះរៀម សូមឲ្យព្រះអង្គបានយាងទៅកាន់ឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត។

      នៅក្នុងព្រះរាជពិធីនេះ ក៏បានប្រកាសព្រះរាជវាយោគកថា អំពីការសោកស្តាយដោយក្តីនឹកអឡោះអាល័យយ៉ាងពន់ពេកចំពោះការសោយទីវង្គតរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានលះបង់ព្រះបញ្ញាញាណ និងព្រះកាយពល ពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋ តាមរយៈស្នាព្រះហត្ថក្នុងការការពារ ថែរក្សា និងអភិវឌ្ឍន៍ សិល្បៈ វប្បធម៌ ប្រពៃណីជាតិ និងកេរ្តិ៍ដំណែលវប្បធម៌ របាំអប្សរាខ្មែរ មានតម្លៃជាប្រវត្តិសាស្ត្រជាច្រើន ដែលបានបន្សល់ទុកជូនជាតិមាតុភូមិមកដលពេលនេះ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ