សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរាជទូត និងរដ្ឋទូត ហ្វាំងឡង់ និងបែលហ្សិកប្រចាំកម្ពុជា ចូល ជួបសម្តែងការគួរសម
November 20, 2019    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ Satu Suikkari-Kleven ឯកអគ្គរដ្ឋទូត ប្រទេស ហ្វាំងឡង់ប្រចាំនៅកម្ពុជា និងឯកឧត្តម Philippe Kridelka ឯកអគ្គរាជទូតប៊ែលហ្សិកប្រចាំកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ ។ 

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោមបានថ្លែងអំណរគុណ និងរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយប្រទេសទាំងពីរគឺ ប្រទេសប៊ែលហ្សិក និងប្រទេសហ្វាំងឡង់ដ៍ ដែលមានកន្លងមក។

ឯកឧត្តម ឯកអគ្គរាជទូត ប៊ែលហ្សិក បានជម្រាបជូនសម្តេចក្រឡាហោម អំពីការពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងអំពីកម្មវិធីជួយគាំទ្រដល់ការអភិវឌ្ឍសង្គមនៅកម្ពុជា ក្នុងនោះប៊ែលហ្សិក បានជួយកម្ពុជាច្រើនឆ្នាំកន្លងមកហើយ លើវិស័យអប់រំ និងវិស័យកសិកម្ម ព្រមទាំងបានជួយដល់ការបណ្តុះបណ្តាលសិស្សនិស្សិតនៅតាមសាកលវិទ្យាល័យមួយចំនួនផងដែរ ក្នុងក្របខណ្ឌនៃសហភាពអឺរ៉ុប។ ឯកឧត្តមបានបន្ថែមទៀតថា នៅខែក្រោយនេះ ក្រុមការងារ១ក្រុមរបស់ប្រទេសប៊ែលហ្សិក នឹងធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីពិនិត្យមើលមន្ទីរពេទ្យរដ្ឋមួយនៅក្នុងខេត្តសៀមរាប សំដៅឆ្លើយតបទៅនឹងសំណូមពរជួយបណ្ដុះបណ្ដាលដល់គណៈគ្រប់គ្រងមន្ទីរពេទ្យនោះ។  ឯកឧត្តមបានបន្តជម្រាបជូនសម្តេចក្រឡាហោមថា ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឯកជន ប្រទេសប៊ែលហ្ស៉ិក កំពុងសម្លឹងរកឱកាសដើម្បីធ្វើយ៉ាងណាពង្រីកនូវទំនាក់ទំនងលើវិស័យឯកជននេះឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។ ចំពោះការងារក្នុងក្របខណ្ឌក្រសួងមហាផ្ទៃវិញ ប្រទេសប៊ែលហ្សិក ក៏បានជួយដល់ការងារពន្ធនាគារតាមរយៈអង្គការការីតាស់ ដែលកិច្ចសហប្រតិបត្តិការនោះ បានផ្ដោតលើការជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់អ្នកទោសជាយុវជន ដើម្បីឱ្យអ្នកទោសទាំងនោះអាចមានលទ្ធភាពរកការងារធ្វើក្រោយទីបញ្ចប់ការឃុំខ្លួនក្នុងពន្ធនាគារ។

ដោយឡែក លោកជំទាវ ឯកអគ្គរដ្ឋទូត ប្រទេសហ្វាំងទ្បង់ ក៏បានជម្រាបជូនសម្ដេចក្រឡាហោមផងដែរថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះ គឺផ្តោតទៅលើទំនាក់ទំនងទ្វេភាគីកម្ពុជា និងហ្វាំងឡង់ដ៍  ហើយក្នុងរយៈកាល កន្លងមកគឺប្រទេសហ្វាំងឡង់ដ៍បានជួយលើផ្នែកមួយចំនួនដល់កម្ពុជា តាមរយៈអង្គការក្រៅរដ្ឋាភិបាលដែលរួមមានលើការងារចុះបញ្ជីដីធ្លី និងការងារបោសសំអាតមីនជាដើម។ លោកជំទាវបានមានប្រសាសន៍ថា លោកជំទាវមានក្តីរីករាយដែលឃើញវត្តមានរបស់អង្គការ NGO ដែលគាំទ្រដោយប្រទេសហ្វាំងឡង់ដ៏ បន្តធ្វើការ និងមានភាពជាដៃគូគ្នាដ៏ល្អជាមួយនឹងដៃគូក្នុងប្រទេសកម្ពុជា។  លោកជំទាវក៏បានជម្រាបជូនសម្តេច អំពីចំណាប់អារម្មណ៍របស់ហ្វាំងទ្បង់ដ៏ ដែលជួយដល់ការងារថាមពលករកើតឡើងវិញនាពេលកន្លងមកដល់សហគមន៍តូចៗមួយចំនួន ក្នុងការបង្កើតនូវគម្រោងអគ្គិសនីតូចៗតាមរយៈការដុតអង្កាម តាមតំបន់មួយចំនួនផងដែរ។  លោកជំទាវបានបញ្ជាក់ដែរថា លោកជំទាវចង់ឃើញនូវគម្រោងនេះបន្តពង្រីកទៅកាន់តំបន់ដទៃទៀតតាមរយៈគម្រោងថាមពលករកើតឡើងវិញនេះ ហើយលោកជំទាវក៏បានជម្រាបដែរថា មានក្រុមហ៊ុនប្រទេសហ្វាំងឡុងដែលវិនិយោគលើថាមពលករកើតឡើងវិញនេះ ដែលលោកជំទាវមានបំណងណែនាំដល់ក្រុមហ៊ុនទាំងនោះពិនិត្យមើលនូវឱកាសដើម្បីនាំយកនូវបច្ចេកវិទ្យាក៏ដូចជាគំនិតល្អពាក់ព័ន្ធទៅនឹងថាមពលករកើតឡើងវិញនេះ ដើម្បីវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ លោកជំទាវក៏បានសម្ដែងនូវក្តីរីករាយចំពោះលទ្ធផលដ៏ល្អដែលអង្គការ NGO របស់ហ្វាំងឡង់ដ៍ជាមួយភាគីកម្ពុជាបានសម្រេចបាននៅលើវិស័យអប់រំ កសិកម្ម និងសុខភាពសហគមន៍។ 

ជាការឆ្លើយតបសម្ដេចក្រឡាហោមបានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរាជទូត ប្រទេសប៊ែលហ្សិក និងលោកជំទាវ ឯកអគ្គរដ្ឋទូត ប្រទេសហ្វាំងឡុង ចំពោះការជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ថា ការចូលរួមចំណែកលើវិស័យអប់រំ សុខាភិបាល និងកសិកម្ម គឺជាការងារមួយដ៏មានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់ដល់ជីវភាពរស់នៅ និងការអភិវឌ្ឍន៍របស់កម្ពុជា ហើយសម្ដេចក៏សង្ឃឹមថាទំនាក់ទំនងរវាងកម្ពុជា ហ្វាំងឡង់ និងកម្ពុជា បែលហ្សិក នឹងបន្តរីកធចំរើនលើគ្រប់វិស័យ ទាំងវិស័យទំនាក់ទំនងកិច្ចការរដ្ឋ ក៏ដូចជាវិស័យវិនិយោគឯកជន៕រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ