គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បើកកិច្ចប្រជុំលើកទី១៧
November 20, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បើកកិច្ចប្រជុំលើកទី១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ដោយមានការចូលរួមពី សមាជិករបស់ គ.ជ.អ.ប  ប្រធានស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការ ថ្នាក់ដឹកនាំ គ.ជ.អ.ប អភិបាលរាជធានី-ខេត្តផងដែរ។
       កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យលើស្ថានភាពវិវឌ្ឍនៃកម្មវិធីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ តាមរយៈការអនុវត្តផែនការសកម្មភាព និងថវិកា​ឆ្នាំ២០១៩របស់ គ.ជ.អ.ប.ផង និងដើម្បីឆ្លងសេចក្តីព្រាងអនុក្រឹត្យចំនួន៤ ពាក់ព័ន្ធនឹង​ការកែសម្រួលរចនាសម្ព័ន្ធគ្រប់​គ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការផ្ទេរមុខងារ​ក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្តផង។
      សម្តេចក្រឡាហោមមានប្រសាសន៍ថា ក្នុងអាណត្តិទី៦នៃរដ្ឋសភានេះ ក្នុងក្របខណ្ឌ​នៃ​កំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យើងផ្តោតជាសំខាន់ទៅ​លើកិច្ចការ​ស្នូលជាអាទិភាពចំនួន៣ គឺ៖ ទី១. ការបង្កើនមូលនិធិឃុំ សង្កាត់, ទី២. ការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និង, ទី៣.ការកែសម្រួលរចនាសម្ព័ន្ធគ្រប់​គ្រងរបស់រដ្ឋបាលថ្នាក់ក្រុង ស្រុក។ សម្តេចបន្តថា ពាក់​ព័ន្ធនឹង​ការបង្កើនមូលនិធិឃុំ សង្កាត់ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ចុះថ្ងៃទី​២១ ខែសីហា ឆ្នាំ២០១៩ ស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់សម្រាប់​ចំណាយ​​អភិវឌ្ឍន៍មូលដ្ឋានចាប់ពីឆ្នាំ២០២០តទៅ ក្នុងនោះ រដ្ឋបាលឃុំ សង្កាត់​នីមួយៗនឹងទទួល​បាន​ថវិកាសរុបជាមធ្យមចំនួនប្រមាណ១២២.០០០ដុល្លារ ក្នុង​នោះថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមាន​ចំនួនជាមធ្យមប្រមាណជាង៧០.០០០ដុល្លារក្នុងឆ្នាំ២០២០ (កើនឡើងទ្វេដងធៀបនឹងឆ្នាំ២០១៩) ហើយថវិកានេះនឹងកើនឡើង​ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដែលរហូតដល់ឆ្នាំ២០២៣ រដ្ឋបាលឃុំ សង្កាត់នីមួយៗ​នឹងទទួលបានថវិកាសរុបជាមធ្យមចំនួនប្រមាណ១៩៣.០០០ដុល្លារ ដែលក្នុងនោះ​ថវិកាផ្នែកអភិវឌ្ឍន៍មូលដ្ឋានមានចំនួនជាមធ្យមប្រមាណជាង១៣២.០០០ដុល្លារ។ សម្តេចបាន​បន្ថែម​ទៀតថា ទោះបីយ៉ាងនេះក្តី កិច្ចការដែលយើង​ត្រូវបន្តផ្តោតយក​ចិត្តទុកដាក់ពាក់ព័ន្ធនឹងកា​រ​បង្កើនថវិកាឃុំ សង្កាត់នេះ គឺការពង្រឹងការ​គាំទ្រផ្នែក​បច្ចេក​ទេស និងសមត្ថភាពដល់រដ្ឋបាលឃុំ សង្កាត់ ដើម្បីធានាឱ្យបានថា រដ្ឋបាលឃុំ សង្កាត់នីមួយៗអាចគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់​ថវិការ​បស់​ខ្លួនស្របតាមគោល​ការណ៍ និងនីតិវិធីជាធរមានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព ឆ្លើយតបទៅ​នឹង​តម្រូវការអភិវឌ្ឍន៍ជាក់ស្តែងនៅតាមមូលដ្ឋាននីមួយៗ និងដោយ​មាន​ការចូលរួម​តាម​ដានត្រួតពិនិត្យពីប្រជាពលរដ្ឋ ដោយផ្ទាល់ផងដែរ។
     សម្តេចក្រឡាហោម បានលើកឡើងដែរថា ពាក់ព័ន្ធនឹងការផ្ទេរមុខងារទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បើទោះបីជា គ.ជ.អ.ប. តាមរយៈលេខាធិការដ្ឋាន គ.ជ.អ.ប. បានខិត​ខំ​សម្របសម្រួល និង​ផ្តល់​ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុក្នុងរយៈ​ពេល​ជា​​ច្រើនឆ្នាំកន្លងមកនេះដល់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីជំរុញដល់ការផ្ទេរ​មុខងារ​សមស្របនានាទៅឱ្យរដ្ឋបាលថ្នាក់​ក្រោមជាតិក៏​ដោយ ក៏កិច្ចការនេះនៅតែ​មានភាព​យឺតយ៉ាវ និងមិនទាន់បានសម្រេចនូវសមិទ្ធផលជាដុំ​កំភូនដូច​ការ​រំពឹងទុក​ឡើយ។ ប្រការនេះ បានធ្វើឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនៅតែពុំទាន់មានតួនាទី សិទ្ធិ​អំណាច និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់​សេវាចាំបាច់ជាមូល​ដ្ឋាននានាជូន​ប្រជា​ពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមគោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ​របស់រាជ​រដ្ឋាភិបាលឡើយ។
     សម្តេចបានគូសបញ្ជាក់បន្ថែមដែរថា ដើម្បីការផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោម​ជាតិកាន់​តែ​ទទួលបានប្រសិទ្ធភាព សេចក្តីព្រាងអនុក្រឹត្យចំនួន៤ពាក់ព័ន្ធនឹង​ការកែ​សម្រួលរចនា​សម្ព័ន្ធរបស់​រដ្ឋបាលថ្នាក់ក្រោមជាតិ និងការកំណត់អំពីមុខងារ​ចាំបាច់​មួយចំនួនដែលត្រូវ​ប្រគល់ជាបឋម​ទៅឱ្យ​រដ្ឋបាលថ្នាក់ក្រោមជាតិទាំងនោះ នឹងត្រូវ​ដាក់​ឆ្លងក្នុងកិច្ចប្រជុំនាពេលនេះ ដែលក្នុងនោះរួមមាន៖ ១.សេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង, ២.សេចក្តីព្រាងអនុ​ក្រឹត្យ​ស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង, ៣.សេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនា​សម្ព័ន្ធរបស់រដ្ឋបាលខណ្ឌ, ៤.សេចក្តីព្រាងអនុក្រឹត្យស្តីពីការ​ផ្ទេរមុខងារក្នុងវិស័យ​សុខាភិបាល​ទៅឱ្យ​រដ្ឋបាលរាជធានី ខេត្ត៕រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ