សម្តេចក្រឡាហោម ស ខេង៖ ក្រុមការងារអន្តរក្រសួង ដែលមាន​ក្រសួង​ទេសចរណ៍ជាប្រធាន ត្រូវធ្វើការងារអោយ​អស់លទ្ធភាព​ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញសកម្មភាពអភិវឌ្ឍ​តំបន់អេកូទេស​ចរណ៍ និងនៅតាមសហគមន៍ ដែលឈ​រលើទស្សនទាន “ការអភិវឌ្ឍបម្រើការអភិរក្ស ការអភិរក្សទ្រទ្រង់ការអភិវឌ្ឍ"
November 19, 2019    អ្នកទស្សនា :

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ក្នុងក្របខណ្ឌនៃក្រុមការងារ​អន្តរ​ក្រសួង ដែលមានក្រសួងទេសចរណ៍ជាប្រធាន សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រសួងទេស​ចរណ៍ត្រូវសហការជាមួយ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធ្វើការកំណត់តំបន់​អេកូ​ទេស​ចរណ៍​អាទិភាព រួមមានតំបន់ភូមិភាគឥសាន្ត តំបន់បឹងទន្លេសាប និងទន្លេមេគង្គ តំបន់ឆ្នេរសមុទ្រ តំបន់ជួរភ្នំក្រវ៉ាញ តំបន់ជួរភ្នំដងរែក រួមជាមួយតំបន់អភិរក្សនានា ដែលត្រូវធានាកិច្ចការពារធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងសហគមន៍នៅទីនោះ ក្រោមទស្សនទាន “ការអភិវឌ្ឍបម្រើការអភិរក្ស ការអភិរក្សទ្រទ្រង់​ការអភិវឌ្ឍ"។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ​ក្នុងឱកាស​អញ្ជើញជាអធិបតី ពិធីបើកវេទិការជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៨-២០៣០) នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារហ្គាដិនស៊ីធី។

សម្តេចក្រឡាហោមក៏បានលើកឡើងថា ស្របពេលដែលសហគមន៍​ដែល​ស្ថិតនៅក្រោមការ​គ្រប់គ្រង​របស់ក្រសួងទេសចរណ៍ ក្រសួង​បរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរហូតដល់ជាង ២.៣០០ កន្លែង ប៉ុន្តែសហគមន៍ដែលមានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ មានចំនួនតែ​ប្រមាណ ១២៩ កន្លែងប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ សម្តេចក្រឡាហោមគាំទ្រ និងស្នើឲ្យ​មានការបញ្ចូល​សកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍​ដែលមាន​សក្តានុពល ក៏ដូចជាពង្រឹងសមត្ថភាព​សហគមន៍ដែលមានស្រាប់ តាម​រយៈ​ការបង្កលក្ខណៈងាយស្រួល ក្នុងការជំរុញការអភិវឌ្ឍ​សហគមន៍​ទាំងនោះ ដោយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាល​រាជធានី​-ខេត្ត ត្រូវជួយសហគមន៍​ទាំងនោះ​ទៅតាមជំនាញ និងសមត្ថកិច្ច​រៀងៗ​ខ្លួន។ ហើយ ក្រសួងទេសចរណ៍ ក្នុងនាមជាប្រធានក្រុមការងារ​អន្តរ​ក្រសួង ត្រូវធ្វើការទទួល ស្គាល់តាមផ្លូវច្បាប់ ចំពោះសហគមន៍ដែល​មានសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ និងត្រូវធានា​ការបែង​ចែកប្រកបដោយសមធម៌រវាងសហគមន៍ និងដៃគូពាក់ព័ន្ធនានា (Equitable Sharing Model)។

សម្តេចក្រឡាហោម បានលើកឡើងបន្ថែមដែរ ថាចំពោះការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទ្រទ្រង់ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការ​ជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍​ជនបទ និងគណៈអភិបាលរាជធានី-ខេត្ត ពិនិត្យលទ្ធភាពក្នុងការសាង​សង់ផ្លូវភ្ជាប់ទៅគោលដៅ​សហគមន៍ទេសចរណ៍អាទិភាព។ ជាមួយគ្នានោះ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវធ្វើការសិក្សាលម្អិតអំពីលទ្ធភាពក្នុងការផ្គត់ផ្គង់អគ្គិសនីក្នុងតម្លៃទាបជាងទីផ្សារសម្រាប់ការប្រើប្រាស់ក្នុងសហគមន៍។ ទន្ទឹមនឹងនេះដែរ ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវបន្តជួយដល់សហគមន៍តាមតម្រូវការជាក់ស្តែង ដូចជាការផ្គត់ផ្គង់ទឹកស្អាត ការតភ្ជាប់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធ​អ៊ុនធើណេត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ការព្យាបាលជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗ របស់សហគមន៍ផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ