គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍ការងារសកម្មភាពរយៈពេល១០ខែឆ្នាំ២០១៩
November 18, 2019    អ្នកទស្សនា :

      នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំពិនិត្យពិភាក្សាអំពីរបាយការណ៍ការងារសកម្មភាពរយៈពេល១០ខែ ឆ្នាំ២០១៩ (មករា-តុលា) ស្តីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ អគ្គលេខាធិការ អគ្គលេខាធិការរង គ.ជ.ប.ជ តំណាងរាជធានី ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ព្រមទាំងតំណាងស្ថាប័ន និងមន្រ្តីពាក់ព័ន្ថជាច្រើនផងដែរ។

      លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះគឺធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាសកម្មភាពការងារដែលបានអនុវត្តកន្លងមក និងបន្តពង្រឹងកិច្ចសហការអនុវត្តការងាររវាងអង្គភាព ស្ថាប័ន ពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។ លោកជំទាវបានក៏បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ដែលនូវមានភាពចន្លោះប្រហោងក្នុងការបំពេញសកម្មភាពការងារ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹង អនុវត្តការងាររបស់ខ្លួនអោយកាន់តែមានប្រសិទ្ធភាព។

      សូមបញ្ជាក់ដែរថា តាមរយៈកិច្ចប្រជុំនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក៏បានកំណត់លើកទិសដៅសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ចំនួន ១៦ចំនុច រួមមាន៖
១.បន្តពង្រឹងស្ថាប័ន និងពង្រីកកិច្ចសហការទូលំទូលាយរវាង សមាជិកក្នុង ក្រុមការងារអន្តរស្ថាប័នទាំង០៦ និងគណៈកម្មាធិការថ្នាក់ក្រោមជាតិ (គ.រ.ប.ជ/គ.ខ.ប.ជ) ដោយបង្កើនការយកចិត្តទុកដាក់រៀបចំកិច្ចប្រជុំក្រុមការងារជាប្រចាំ និងផ្តល់របាយការណ៍មកលេខាធិការដ្ឋាន គ.ជ.ប.ជ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំឲ្យបានទៀងទាត់។
២.បន្តរៀបចំ និងពនឿនការអនុម័តច្បាប់សំខាន់ៗ និងបន្តរៀបចំបទដ្ឋាន គតិ យុត្តិពាក់ព័ន្ធ។
៣.រៀបចំផែនការអនុវត្ត ផ្អែកលើយុទ្ធសាស្រ្តរួម ដែលបានកំណត់ ក្នុងផែន ការជាតិ។
៤.ពង្រឹងប្រសិទ្ធភាពនៃការដឹកនាំបញ្ជា និងការអនុវត្ត នូវវិធានការជាអាទិភាព ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់រូបភាព។
៥.ត្រៀមកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រុមប្រទេសបញ្ជូន (កម្ពុជា ឡាវ ភូមា) ដើម្បីពង្រឹងកិច្ចសហការដោះស្រាយបញ្ហារួម ចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងលំហូរមិនប្រក្រតីរបស់ពលករ និងកិច្ចការពារ ផល ប្រយោជន៍ពលករ ជាពិសេសពលករក្នុងវិស័យឧស្សាហកម្មនេសាទ ក្នុងប្រទេសគោលដៅ។
៦.ត្រៀមកិច្ចប្រជុំបីប្រទេស កម្ពុជា វៀតណាម ចិន ក្នុងការពង្រឹង កិច្ចសហការ ការពារ និងបង្ការទប់ស្កាត់ ការនាំមនុស្សឆ្លងដែនខុសច្បាប់ ជាពិសេស ទារក និងស្ត្រី។
៧.បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញពាក់ព័ន្ធ ដល់មន្ត្រីទទួល បន្ទុកអនុវត្តថ្នាក់ក្រោមជាតិ លើការងារលេខាធិការដ្ឋាន របាយការណ៍ ផែនការ ការងារត្រួតពិនិត្យ និងពង្រឹងការងារជំនាញសម្រាប់អនុវត្តយុទ្ធសាស្ត្រទាំងបួន។
៨.បន្តលើកកម្ពស់ការងារផ្សព្វផ្សាយ ច្បាប់ គោលនយោបាយ និងពង្រីកការអប់រំ តាមគ្រប់រូបភាព និងប្រើគ្រប់លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ ដឹងជាសកល អំពីការជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ទំនាក់ទំនងរវាងទេសន្តរប្រវេសន៍ និងអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដទៃទៀត ឲ្យបានដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យ ក្នុងសាលារៀន និងក្រៅសាលារៀន និងជនដែលងាយរងគ្រោះ។
៩.បន្តបើកវគ្គបណ្តុះបណ្តាល មន្ត្រីពាក់ព័ន្ធនឹងការកំណត់អត្តសញ្ញាណ ជនរងគ្រោះនៅតាមបណ្តាក្រសួង សាប័ន អង្គការដៃគូក្នុងស្រុក និងមន្ត្រីប្រចាំ ស្ថានទូតកម្ពុជា ក្នុងប្រទេសគោលដៅ ព្រមទាំងចុះតាមដានការអនុវត្ត។
១០.បន្តតាមដានលទ្ធផល និងប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី និងគាំទ្រដល់ការអនុវត្តអនុសញ្ញា និងផែនការអាស៊ានប្រឆាំងការ ជួញដូរមនុស្ស ដែលសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខារួមគ្នា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥។
១១.ជំរុញតាមដានត្រួតពិនិត្យក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស ឲ្យអនុវត្តតាមគោលនយោបាយរបស់រាជដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ដើម្បីការពារ សុវត្ថិភាព។
១២.បន្តរៀបចំវិធានការ “គ្រប់គ្រងលំហូរ ពលករទេសន្តរប្រវេសន៍ការងារឆ្លង ដែនមិនប្រក្រតី” (គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន  គ.ជ.ប.ជ)។
១៣.សិក្ខាសាលាពិគ្រោះយោបល់ រកវិធានការទប់ស្កាត់ ការរំលោភ និងការធ្វើអាជីវកម្មផ្លូវភេទ លើកុមារ។
១៤.ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ ជាពិសេសការពង្រឹងកិច្ចសហការក្នុងការ ជួយគ្នាទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ជាមួយប្រទេសពាក់ព័ន្ធ។
១៥.បន្តអនុវត្ត និងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងការចុះតាមដានការអនុវត្តគោល នយោបាយ នៅថ្នាក់ក្រោមជាតិ។១៦.ពង្រឹងសកម្មភាពទទួលពលករ ការស្រាវជ្រាវទិន្នន័យ និងផ្តល់ សេវាជូនពលករដែលត្រូវបានបញ្ជូនត្រឡប់ ពីអាជ្ញាធរបរទេស និងពលករវិលត្រឡប់វិញនៅតាមច្រកព្រំដែនសំខាន់ៗ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ