នាយឧត្តមសេនីយ៍ ជួន​ សុវណ្ណ​៖ កម្ពុជារួមគ្នាជាមួយប្រទេសក្នុងតំបន់ទប់ស្កាត់គ្រឿញៀនចេញពីតំបន់ត្រីកោណមាស
November 15, 2019    អ្នកទស្សនា :

      ប្រទេសថៃ៖ ថ្ងៃទី១៥​ ខែវិច្ចិកា​ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំប្រតិភូនៃស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសហត្ថលេខីអនុស្សារណៈនៃការយោគយល់គ្នា(MOU) ឆ្នាំ១៩៩៣ ស្តីពីការត្រួតពិនិត្យគ្រឿ ងញៀនក្នុងមហាអនុតំបន់ទន្លេមេគង្គ​ នៅទីក្រុងបាងកក​ ប្រទេសថៃ។

      ថ្លែង​ទៅកាន់កិច្ចប្រជុំក្នុងឱកាសនោះ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ បានថ្លែងថា​ តំបន់ត្រីកោណមាសនៅតែជាប្រភពគ្រោះថ្នាក់ផ្គត់ផ្គង់គ្រឿងញៀននៅក្នុងបណ្តាប្រទេសនៃតំបន់របស់យើងហេីយក្រុមឧក្រិដ្ឋជននៅតែអាចមានលទ្ធភាពលួចដាំដុះ ផលិត កែច្នៃ ចរាចរគ្រឿងញៀន និងសារធាតុគីមីផ្សំនៅក្នុងតំបន់ ហើយប្រជាជនមួយចំនួននៅតែទទួលរងនូវគ្រោះថ្នាក់ដែលបណ្តាលមកពីការប្រើប្រាស់និងការចរាចរគ្រឿងញៀន ពិសេសការកើនឡើងការប្រើប្រាស់សារធាតុញៀនប្រភេទថ្មីដែលប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ(NPS) និងការសំអាតប្រាក់របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនផងដែរ។

      ក្នុងឱកាសនោះដែរ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ បានថ្លែងបន្តទៀតថា ដេីម្បីឆ្លើយតបទៅនឹងស្ថានភាពដ៏ស្មុគស្មាញកម្ពុជាបានខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាំងនៅក្នុងប្រទេសរបស់ខ្លួន និងនៅក្នុងអនុតំបន់ចូលរួមអនុវត្តផែនការសកម្មភាពអនុតំបន់ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ការផលិត និងការចរាចរគ្រឿងញៀនគ្រប់ប្រភេទចេញពីតំបន់ត្រីកោណមាសទៅកាន់ប្រទេសផ្សេងៗទាំងក្នុងតំបន់និងជុំវិញពិភពលោក។

      ជាមួយគ្នានេះ កម្ពុជាក៏បាន និងកំពុងដំណើរការយ៉ាងសកម្មក្នុងការអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ ជាពហុវិស័យ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ការផលិត និងការចរាចរគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់យើងទាំងមូល ហេីយកម្ពុជាបានបង្រ្កាប និងទប់ស្កាត់ការចរាចរគ្រឿងញៀនឆ្លងកាត់ទៅកាន់ប្រទេសនានាជាច្រើនករណី និងក្នុងបរិមាណច្រើនរាប់រយគីឡូក្រាមរួចមកហើយ។

      ជាមួយគ្នានេះដែរ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងតំបន់របស់យើងទាំងមូល កម្ពុជាយល់ឃើញថា៖
- គួរយកចិត្តទុកដាក់ពង្រឹងយន្តការ ដែលមានស្រាប់និងការបង្កើតបន្ថែមយន្តការថ្មីៗមួយចំនួនថែមទៀតឲ្យស្របទៅនឹងស្ថានភាពថ្មី នៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់របស់យើង។
- គួរជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មថែមទៀតនូវការងារត្រួតពិនិត្យបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមតំបន់និងតាមច្រកព្រំដែននីមួយៗ ។
- គួរផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ការផលិត និងការ ចរាចរគ្រឿងញៀនចេញពីតំបន់ត្រីកោណមាស។
យើងគួរបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការគៀងគរប្រភពគាំទ្រហិរញ្ញវត្ថុ និងបច្ចេកទេសពីបណ្តាប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រផែនការសកម្មភាពអនុតំបន់របស់យើងឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

      សូមបញ្ជាក់ថា​ នៅក្នុងកិច្ចប្រជុំនោះ​ ប្រទេសសមាជិកនៃអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការត្រួតពិនិត្យគ្រឿងញៀនបានសម្តែងនូវការព្រួយបារម្ភចំពោះការកើនឡើង នៃការផលិតនិងការជួញដូរគ្រឿងញៀនសំយោគដោយក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង ដែលភាគច្រើនអាចធ្វើឡើងដោយសារការបង្វែរសារធាតុគីមីផ្សំពីប្រភណស្របច្បាប់ទៅផលិតគ្រឿងញៀនសំយោគខុសច្បាប់ ហេតុនេះដើម្បីឆ្លើយតបទៅនិងបញ្ហានេះ ក៏ដូចជានិន្នាការនៃបញ្ហាគ្រឿងញៀននាពេលបច្ចុប្បន្ន អង្គប្រជុំបានសម្រេចចេញនូវសេចក្តីប្រកាសទីក្រុងបាងកកស្តីពីការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងអនុម័តនូវផែនការសកម្មភាពអនុតំបន់ទី១១ ដោយក្នុងនោះផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនឆ្លងដែន ការទប់ស្តាត់ និងបង្ក្រាបការផលិត ការជួញដូរ និងការចរាចរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ និងសារធាតុគីមីផ្សំ តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ ព្រមទាំងការពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការព្យាបាលអ្នកញៀនគ្រឿងញៀន គៀគរជំនួយផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ