សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស ទទួលបន្ទុកព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
November 15, 2019    អ្នកទស្សនា :

      នារសៀលថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ Helene Budliger Artieda ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស ទទួលបន្ទុកព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។

      សម្ដេចក្រឡាហោម បានថ្លែងអំណរគុណដល់លោកជំទាវឯកអគ្គរដ្ឋទូតស្វីសដែល​ទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា សម្ដេចពិតជារីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលប្រទេសទាំងពីរមានជាមួយគ្នាកន្លងមក ហើយក៏បាន​បង្កើតនូវលទ្ធផលជាច្រើនផងដែរនៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការនេះ។ សម្ដេចក៏សង្ឃឹមថាទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វីសនឹងបន្តរីក​ចម្រើនបន្ថែមទៀតនៅក្នុងអាណត្តិបេសកកម្មកាទូតរបស់លោកជំទាវនៅក្នុងអាណត្តិថ្មីនេះ។ សម្តេចបានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ សូមថ្លែងអំណរគុណដល់​រដ្ឋាភិបាលស្វីសដែលបានជួយគាំទ្រជាបន្តបន្ទាប់រួមទាំងការគាំទ្រមកលើផ្នែកកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលសម្ដេចផ្ទាល់ជាអ្នកដឹកនាំការងារនេះនៅ​ក្នុងរាជរដ្ឋាភិបាល​កម្ពុជា ព្រមជាមួយគ្នានោះសម្ដេចក៏បានរំលឹកឡើងវិញនូវ​អនុស្សាវរីយ៍កាលពីឆ្នាំ​២០១៦​កន្លងទៅ ដែលសម្ដេចបានអញ្ជើញទស្សនកិច្ចនៅប្រទេសស្វីស ដើម្បីសិក្សាស្វែងយល់​អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅទីនោះដែលបានផ្ដល់នូវគំនិតល្អៗ និងធាតុចូលល្អៗមកលើការងារកំណែទម្រង់របស់កម្ពុជា។ សម្ដេចក្រឡាហោមបានបន្ថែមថា សម្តេចក៏ត្រៀមខ្លួនជានិច្ចក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ក៏ដូចជាស្ថាប័នដែលដឹកនាំការងារ​កំណែទម្រង់នេះនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយលោកជំទាវឯកអគ្គរដ្ឋទូត។

      ជាការឆ្លើយតបលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពចំពោះទំនាក់ទំនងដ៏យូរលង់​មកហើយរវាងប្រទេសទាំងពីរ ហើយលោកជំទាវក៏បានបញ្ជាក់ថាស្វីសនៅតែមាន​បំណង​ក្នុងការធ្វើឱ្យទំនាក់ទំនងនេះកាន់តែខ្លាំងក្លាឡើងថែមទៀត និងកាន់តែយូរអង្វែង​ថែមទៀត​ផងដែរ។ លោកជំទាវក៏បានយកឱកាសនេះជម្រាបជូនសម្ដេចដែលថា បច្ចុប្បន្ននេះស្វីសក៏​ចូល​ទៅ​​ក្នុង​ប្រទេសនៃទំនាក់ទំនង ASEM ហើយក៏ក្លាយទៅជាដៃគូរ​សន្ទនាមួយរបស់​អាស៊ានផងដែរា ហើយក្នុងន័យនេះលោកជំទាវក៏បានជម្រាបជូនសម្ដេចថា ប្រទេសស្វីសក៏​កំពុង​ខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុបផង ក្រៅតំបន់ផង និងជាមួយ​កម្ពុជាផង ព្រមទាំងបណ្តាប្រទេសជិតខាងកម្ពុជាដែលស្ថិតក្នុងតំបន់ទន្លេមេគង្គផងដែរ។ លោកជំទាវបានបញ្ជាក់ដែរថា ក្នុងន័យនេះទំនាក់ទំនងមិនថាទ្វេភាគី ឬពហុទ្វេភាគីគឺពិតជា​មានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងទាំងជាមួយកម្ពុជាផងនិងបណ្តាប្រទេសក្នុងតំបន់នៅក្នុងអាស៊ានផង។

      ជាការឆ្លើយតបសម្ដេចក្រឡាហោម ពិតជាអរគុណចំពោះឆន្ទៈដ៏ល្អរបស់លោកជំទាវ និងរដ្ឋាភិបាលស្វីសក្នុងការបន្តជួយគាំទ្រ និងបន្តពង្រីកនូវទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយសម្ដេចបានលើកឡើងថាជា ពិតណាស់ការអភិវឌ្ឍដែលកម្ពុជាទទួលបាន​មកដល់​បច្ចុប្បន្ននេះគឺមិនអាចកាត់ផ្ដាច់បានពីការចូលរួមចំណែកពីរដ្ឋាភិបាលស្វីសឡើយ។ សម្តេចក្រឡាហោមបានបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ បច្ចុប្បន្នកម្ពុជានៅមានភារកិច្ចបន្តត្រូវតែធ្វើបន្ថែមទៀត និងត្រូវបន្តស្វែងរកនូវកិច្ចសហប្រតិបត្តិការក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធបន្ថែមទៀត ដើម្បីបន្តដំណើរការការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់ខ្លួន។

      ជាមួយគ្នានោះលោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ដែរថា ពាក់ព័ន្ធទៅនឹងកំណែទម្រង់​ការងារវិមជ្ឈការ និងវិសហមជ្ឈការនេះគឺប្រទេសស្វីសមានប្រវត្តិយូរឆ្នាំណាស់​មកហើយ​ក្នុងការអនុវត្តនូវគោលនយោបាយនេះ ហើយលោកជំទាវជឿជាក់​ថាការធ្វើកំណែទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការនេះគឺមានការផ្ដល់នូវអត្ថប្រយោជន៍យ៉ាង​ច្រើនដល់ប្រជាពល​រដ្ឋ ជាពិសេសក្នុងការទទួលបាននូវសេវាសាធារណៈ ហើយនិងការផ្សារភ្ជាប់នូវទំនាក់​ទំនង​គ្នាកាន់តែជិតស្និទ្ធរវាងរដ្ឋបាល និងប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាក៏ដូចជាការ​ស្វែងយល់​អំពីគម្រោងអាទិភាពនានាដែលរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗត្រូវការ​សម្រាប់មូលដ្ឋានរបស់ខ្លួន។

      ជាការឆ្លើយតប សម្ដេចក្រឡាហោម បានជម្រាបដល់លោកជំទាវឯកអគ្គរដ្ឋទូតថា នៅឆ្នាំ ២០២០ខាងមុខនេះ គឺជាឆ្នាំទី១០ ហើយដែលកម្ពុជាបានដំណើរការលើការងារធ្វើកំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការនេះ និងបានបង្កើតឡើងនូវលទ្ធផល សមិទ្ធផលជាច្រើននៅក្នុងការងារនេះផងដែរ។ សម្តេចបន្តទៀតថា ការងារបន្ទាប់នោះគឺ​រាជរដ្ឋាភិបាលកម្ពុជាត្រូវបន្តពិនិត្យនឹងបន្តត្រូវការបន្ថែមទៀតនូវជំនួយបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេល៥ ឆ្នាំ ឬ ១០ឆ្នាំរបស់ខ្លួនជាបន្តទៀត​សម្រាប់ជាជំហានបន្ទាប់នៅក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។

      លោកជំទាវឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ដែរថា លោកជំទាវរីករាយក្នុងការជួយគាំទ្រដល់​តម្រូវ​ការបច្ចេកទេសតាមការលើកឡើងរបស់សម្ដេចក្រឡាហោម ដូចជាចូលរួមគាំទ្រ​ដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ។ លោកជំទាវលើកឡើងដែរថា ជាការពិតណាស់ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការនេះគឺត្រូវទាមទារ​ឲ្យរដ្ឋបាលថ្នាក់​ក្រោមជាតិត្រូវតែមានសមត្ថភាពរឹងមាំ ដើម្បីទទួលយកភារកិច្ចបម្រើ​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ នៅក្នុងដំណើរការវិមជ្ឈការ និងវិសហមជ្ឈការនេះក៏ត្រូវការចាំបាច់ដែរ នូវការចូលរួមរបស់សង្គមស៊ីវិល ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍សហគមន៍របស់ខ្លួន ប៉ុន្តែការចូលរួមនោះក៏ត្រូវតែមានភាពស្មោះត្រង់ និងការជឿជាក់ដោយតម្លាភាពជាមួយគ្នាទៅវិញទៅមកផងដែរ។

       សម្ដេចក្រឡាហោមក៏បានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវ ជាក់ស្តែងបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ក្នុងការបង្កើន និងជំរុញនូវភាពជាដៃគូរវាងអង្គការសង្គមស៊ីវិលជាមួយនិងរាជរដ្ឋាភិបាលក្នុងការអនុវត្តនូវយន្តការជាបន្តបន្ទាប់ជាមួយគ្នាសម្រាប់ការងារលើកកម្ពស់ភាពជាដៃគូជាមួយគ្នាផងដែរ។

      ជាទីបញ្ចប់លោកជំទាវបានជម្រាបជូនអំពីបំណងរបស់រដ្ឋាភិបាលស្វីស ប្រសិនបើរដ្ឋាភិបាល​កម្ពុជាមានតម្រូវការអ្វីដែលប្រទេសស្វីសអាចជួយគាំទ្របានគឺរដ្ឋាភិបាលស្វីសរីករាយនឹងជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ហើយជាការឆ្លើយតបនោះគឺសម្ដេចក្រឡាហោមបានជម្រាប​ជូនថាមានចំណុចពីរសំខាន់គឺ ទីមួយស្នើឲ្យភាគីស្វីសពិចារណាធ្វើការគាំទ្រពាក់ព័ន្ធទៅ​នឹងការផ្តល់នូវគំនិតយោបល់ផ្សេងៗទៅលើសំណើក៏ដូចជាការកែលម្អឲ្យកាន់តែប្រសើរថែមទៀតនូវច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលហើយ និងទីពីរពាក់ព័ន្ធទៅនឹងការជួយផ្នែក​បច្ចេកទេស​ក្នុងការព្រាងនូវផែនការជំហានបន្ទាប់នៅក្នុងកំណែទម្រង់​វិមជ្ឈការនិងវិសហមជ្ឈការរបស់កម្ពុជា៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ