អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (SMCC)
October 31, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០១៩ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំពិធីបើកសម្ពោធមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ (SMCC) នៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពី អគ្គលេខាធិការ  អគ្គលេខាធិការរង អ.ជ.គ.ប.ញ តំណាងអង្គទូត តំណាងក្រសួង ស្ថាប័ននានា ប្រធាន អនុប្រធាននាយកដ្ឋានស្រាវជ្រាវ និងត្រួតពិនិត្យ ប្រធាន អនុប្រធានគណៈប្រតិភូសមាជិកទាំង៦ប្រទេស ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

      ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍លើកឡើង នេះគឺជាឱកាសថ្មីមួយទៀត ដែលប្រទេសទាំង៦នៅក្នុងមហាអនុតំបន់ទន្លេមេគង្គបានឯកភាពគ្នាក្នុងការពង្រឹង និងពង្រីកប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន តាមរយៈកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន រវាងមន្រ្តីអនុវត្តច្បាប់ជួរមុខ ដែលមកប្រចាំការនៅក្នុងមជ្ឈមណ្ឌល SMCC។
ឯកឧត្តមបានបន្តថា អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ បានធ្វើការកត់សំគាល់ឃើញថា បណ្តាប្រទេសជាសមាជិក បានកំពុងពង្រឹងកិច្ចសហប្រតិបត្តិ ការស៊ើបអង្កេត និងបង្ក្រាបបានទាន់ពេលវេលា និងដកហូតបានគ្រឿងញៀនជាច្រើនក្នុងកាលកន្លងមក។

      ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន
កត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម និងការខិតខំប្រឹងប្រែងដ៏មានតម្លៃ និង សារៈ
សំខាន់យ៉ាងខ្លាំងពីសំណាក់ប្រទេស ចិន ថៃ ភូមា និងឡាវ ក្នុងឆ្នាំ២០១៣ កន្លងមក ដើម្បីឈានទៅបង្កើតបាននូវយន្តការសម្របសម្រួល សម្រាប់បម្រើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿង
ញៀន នៅក្នុងប្រទេសមហាអនុតំបន់ទន្លេគង្គ ទាំង០៦ របស់យើង និងការទប់ស្កាត់ ជាពិសេស
ការផលិត ការចរាចរគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ នៅក្នុងតំបន់ត្រីកោណមាសទាំងមូលផងដែរ។

      ឯកឧត្តមបន្តថា អ្វីដែលជាលក្ខណៈពិសេស នៃមជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាពទន្លេមេគង្គ របស់យើងគឺការចាត់តាំងមន្រ្តីអនុវត្តច្បាប់ នៃប្រទេសជាមាជិកទាំង០៦ ឱ្យមក ធ្វើការជាមួយគ្នា ចែករំលែកព័ត៌មាន និងបទពិសោធន៍ឱ្យគ្នាទៅវិញទៅមក បានភ្លាមៗទាន់សភាពការណ៍ ធ្វើការសិក្សាស្វែងយល់ពីទីតាំងភូមិសាស្រ្ត និងបទពិសោធន៍ការងារសំដៅពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងារ។

      ឯកឧត្តមបានបន្ថែមទៀតថា បើទោះបីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាក៏ដូចប្រទេសជាសមាជិកទាំងអស់ បានខិតខំប្រឹងប្រែងយ៉ាង ណាក្តី  ក៏យើងសង្កេតឃើញថា ស្ថានភាពនៃការដាំដុះ ការផលិត ការចរាចរ និង ការប្រើប្រាស់គ្រឿងញៀននៅក្នុង ពិភពលោកពិសេសក្នុងតំបន់ត្រីកោណមាស ហាក់មិនមានសញ្ញាថយចុះនោះឡើយ ដែល បញ្ហានេះបានបង្កនូវផលលំបាក ជាច្រើនធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការ អភិវឌ្ឍ ព្រមទាំងសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។

      ឯកឧត្តមបានលើកឡើងទៀតថា មជ្ឈមណ្ឌលសម្របសម្រួលសុវត្ថិភាព ទន្លេមេគង្គនេះ គឺជាយន្តការអនុតំបន់មួយដ៏មានសារៈសំខាន់បំផុត ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះការពង្រឹង
និងបង្កើននូវប្រសិទ្ធភាពនៃយន្តការនេះឲ្យស្របទៅនឹងស្ថានភាពថ្មីនៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់របស់យើង។ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា  កម្ពុជាប្ដេជ្ញាពង្រឹងនូវការអនុវត្តយ៉ាងយក ចិត្តទុកដាក់នូវវិធានការយុទ្ធសាស្រ្តទាំង០៧ នៃផែន
ការមេឆ្នាំ២០១៩-២០២២ ដែលឈរលើទស្សនៈ “គ្មានសារធាតុគីមីផ្សំ គ្មានគ្រឿងញៀន“  គឺខិតខំប្រឹងប្រែង ចូលរួមទប់ ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុតនូវការនាំសារធាតុគីមីផ្សំគ្រប់ប្រភេទ ពីតំបន់ខាងក្រៅចូលទៅក្នុងតំបន់ត្រីកោណមាស និង
ការនាំគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ចេញពីតំបន់ត្រីកោណមាសមកតំបន់ខាងក្រៅ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ