សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេសនៃប្រទេសបញ្ជូនទាំងបី (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា)
October 30, 2019    អ្នកទស្សនា :

      នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេសនៃប្រទេសបញ្ជូនទាំងបី (កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា) ស្ដីពីតួនាទីប្រទេសបញ្ជូន ដើម្បីពង្រឹងកិច្ចការពារពលករទេសន្តប្រវេសន៍ ដោយមានការអញ្ជើញចូលរួមដោយ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សហភាពមីយ៉ាន់ម៉ា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងការជូញដូរមនុស្សក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតឡាវ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំងឯកអគ្គរដ្ឋទូត(មីយ៉ាន់ម៉ា, ឡាវ)ប្រចាំកម្ពុជាផងដែរ។

      សម្តេចក្រឡាហោមបានមានប្រសាសន៍ថា កិច្ចពិភាក្សា ពិគ្រោះយោបល់កម្រឹតបច្ចេកទេសថ្នាក់មន្រ្តីជាន់ខ្ពស់ «ស្តីពីតួនាទីប្រទេសបញ្ជូន ក្នុងកិច្ចការពារពលករទេសន្តរប្រវេសន៍»នេះ គឺជាការផ្តួចផ្តើមដ៏មានសារសំខាន់ ហើយក៏ជាការបំពេញករណីកិច្ច របស់យើងដែលជាប្រទេសសមាជិកក្នុងតំបន់ និងក្នុងពិភពលោក ក្នុងការពង្រឹងកិច្ចសហការស្វែងរកគន្លឹះដោះស្រាយរួមគ្នារវាងប្រទេសដែលមានស្ថានភាពប្រហាក់ប្រហែលគ្នា ហើយក៏ជាការបង្ហាញអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ជូនពលករពីភាពរងគ្រោះ និងជនរងគ្រោះ គ្រប់ភេទ គ្រប់វ័យ ក្នុងអំឡុងពេលទេសន្តរប្រវេសន៍ ជាពិសេសពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព ដែលនឹងផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌សម្រាប់ភាគីទាំងសងខាង គឺនិយោជក និងនិយោជិត និងរវាងប្រទេសបញ្ជូន និងប្រទេសទទួលផងដែរ។

      សម្តេចបានបន្តថា ការធ្វើទេសន្តប្រវេសន៍គឺជាសិទ្ធិពលរដ្ឋក្នុងការជ្រើសរើសការងារមុខរបរ និងទីកន្លែងរស់នៅ តែយើងក៏ត្រូវគិតអំពីសិទ្ធិផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សរបស់ពលករការគ្រប់គ្រង និងកិច្ចការពារពលរដ្ឋរបស់យើងក្នុងនាមជាប្រទេសដែលមានប្រជាធិបតេយ្យភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង និងរវាងប្រទេសបញ្ជូន និងប្រទេសទទួលផងដែរ។

      សម្តេចក្រឡាហោមបានបន្ថែមថា ប្រទេសនីមួយៗមានរបៀបគ្រប់គ្រងបទដ្ឋាន និងនីតិវិធីក្នុងការអនុវត្តដោយឡែកពីគ្នាហើយក៏មានចំណុចល្អទាំងចំណុចខ្វះខាត ហេតុនេះការពិភាក្សាដើម្បីរិះរកស្តង់ដារអនុវត្តមួយដែលសមស្របសម្រាប់ប្រទេសទាំងបីគឺជាការចាំបាច់សម្រាប់ការលើកកម្ពស់សុវត្ថិភាព និងផលប្រយោជន៍ពលករក៏ដូចជាកាត់បន្ថយភាពរងគ្រោះក្នុងអំឡុងពេលនៃទេសន្តប្រវេសន៍ និងផលប៉ះពាល់អវិជ្ជមានចំពោះពលករគ្រួសារ និងសង្គមជាតិយើង។

      សម្តេចក្រឡាហោម សង្ឃឹមជឿជាក់ថាក្រោយកិច្ចប្រជុំពិភាក្សានៃក្រុមបច្ចេកទេសប្រទេសទាំងបីនេះនឹងទទួលបានលទ្ធផលជាផ្លែផ្កា ដែលប្រតិភូនីមួយៗ នឹងអាចនាំយកលទ្ធផលនៃកិច្ចពិភាក្សានេះ  ដាក់ជូនថ្នាក់ដឹកនាំរដ្ឋាភិបាលរៀងៗខ្លួន ដើម្បីធ្វើការសម្រេចកិច្ចការងារឲ្យក្លាយជាសកម្មភាពជាក់ស្តែង ក្នុងការគ្រប់គ្រងទេសន្តរប្រវេស និងកិច្ចការពារប្រជាពលរដ្ឋពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព និងឈានទៅការជួបគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងបី ដើម្បីសម្រេចលើសេចក្តីថ្លែងការណ៍រួមមួយ  សម្រាប់ដំណោះស្រាយរួមគ្នា នៅពេលអនាគតដ៏ខ្លីខាងមុខ និងអាចដាក់ស្នើការពិភាក្សា ជាមួយភាគីថៃ ដើម្បីរួមសហការដោះស្រាយបញ្ហាពលករនេះឲ្យបានរលូន និងមានប្រសិទ្ធភាព៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ