សម្តេចក្រឡាហោម ស ខេង ជំរុញដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមយុគសម័យឌីជីថល
October 05, 2019    អ្នកទស្សនា :

      សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជំរុញដល់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសាស្ត្រាចារ្យទាំងអស់ត្រូវបន្តការសិក្សារៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត ស្វែងរកព័ត៌មានដែលជាចំណេះដឹងថ្មីៗសម្រាប់គាំទ្រដល់ការបង្រៀនសិស្សានុសិស្ស និស្សិត យុវជនរបស់យើងជាពិសេសសមត្ថភាពបច្ចេកវិទ្យា និងឌីជីថល ខណៈដែលសាលារៀន បន្ទប់រៀន និងហេដ្ឋារចនាសម្ព័ន្ធអប់រំដទៃទៀតត្រូវបានបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗដើម្បីបំពេញសេចក្តីត្រូវការរៀនសូត្រតាមបែបឌីជីថល ដែលក្នុងនោះរួមមានបន្ទប់រៀនវៃឆ្លាត បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត បណ្ណាល័យទំនើប និងការប្រើប្រាស់អ៊ីនធឺណិតជាដើម។

      សម្តេចក្រឡាហោម បានលើកឡើងបែបនេះនៅព្រឹកថ្ងៃសៅ ទី០៥ ខែតុលា ឆ្នាំ២០១៩ ក្នុងទិវាគ្រូបង្រៀន ដែលធ្វើឡើងក្រោមប្រធានបទ" គុណភាពជាមូលដ្ឋានគ្រឹះនៃយុគសម័យឌីជីថល " នៅវិទ្យាស្ថានជាតិអប់រំ។
សម្តេចក្រឡាហោម ស ខេង បានបន្តថា បច្ចុប្បន្ន ដោយសារតែប្រទេសកម្ពុជាជាប្រទេសមួយដែលមានសក្តានុពលខ្ពស់ក្នុងការក្តាប់យកនូវកាលានុវត្តភាព ពីបដិវត្តន៍ឧស្សាហកម្មទី០៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផុលផុសឡើងក្នុងបរិបទសកលនិង បរិបទតំបន់ ជាពិសេស ភាពមានអំណោយផលផ្នែកប្រជាសាស្ត្រ ដោយសារកម្ពុជាមានប្រជាជនភាគច្រើនជាយុវជនហើយកំពុងត្រូវការសេវាអប់រំកម្រិតខ្ពស់ និងងាយទទួលយកនូវបច្ចេកវិទ្យាឌីជីថលយ៉ាងឆាប់រហ័ស។

      សម្តេចក្រឡាហោមបន្ថែមទៀតថា  ដោយសារវឌ្ឍនភាពនៃបច្ចេកវិទ្យាឌីជីថលមានសន្ទុះលឿន ដូច្នេះប្រទេសកម្ពុជាត្រូវពិនិត្យឡើងវិញ និងរៀបចំប្រព័ន្ធនៃការអប់រំ ការបណ្ដុះបណ្ដាល និងការបញ្ជ្រាបការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថលឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យយុវជនជំនាន់ក្រោយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗនិងទីផ្សារឌីជីថល។ បន្ថែមលើសពីនេះ កម្ពុជាក៏ត្រូវពិនិត្យឡើងវិញនូវការគាំទ្រ និងតម្រង់ទិស នៅកម្រិតឧត្ដមសិក្សាឲ្យឆ្ពោះទៅរកការសិក្សាស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឲ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ