លោកជំទាវ ជូ ប៊ុនអេង ជំរុញឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ចូលរួមប្រើប្រាស់ឲ្យបានត្រឹមត្រូវជៀសវៀងការប្រើប្រាស់ដើម្បីកេងប្រវ័ញ្ចលើអំពើផ្លូវភេទកុមារ
August 27, 2019    អ្នកទស្សនា :

     លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍​នៃគណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានជំរុញឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា​ទាំងអស់ចូលរួមប្រើប្រាស់ឲ្យ​បានត្រឹមត្រូវ និងមានប្រយោជន៍ដល់សង្គមជាតិ ជៀសវៀងការប្រើប្រាស់ដើម្បីកេងប្រវ័ញ្ច ឬអំពើមិនសមរម្យ​ណាមួយលើផ្លូវភេទកុមារ។ លោកជំទាវបានមានប្រសាសន៍បែបនេះក្នុងសិក្ខាសាលាស្តីអំពី កិច្ចបង្ការ និងការ​ឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។ លោកជំទាវបានបន្តថា បច្ចុប្បន្នយើងសង្កេតថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានានា ពិសេសបណ្តាញទំនាក់ទំនងសង្គមកំពុងពេញនិយមប្រើប្រាស់នូវគ្រប់មជ្ឈដ្ឋាន ដូច្នេះប្រសិនបើអ្នកប្រើ​ប្រាស់​មិន​ត្រឹមត្រូវ និងក្នុងបំណងទុច្ចរិតណាមួយនោះវានឹងបង្កអោយមានបទល្មើស និងជនរងគ្រោះដែលជាអនិតិជន​កាន់តែច្រើនតាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះ។ លោកជំទាវបានបន្ថែមថា ការកើនឡើងនូវរូបភាពអាសអាភាស​នៅតាមគេហទំព័រនានាកំពុងតែកាន់តែរីកសាយភាយយ៉ាងច្រើនផងដែរ ដែលនេះក៏ជាកក្តាមួយក្នុងការ​បង្កើត​ឲ្យមានអំពើររំលោភបំពានផ្លូវភេទលើកុមារផងដែរ។ លោកជំទាវបានគូសបញ្ជាក់ថា ក្នុងរយៈកាលកន្លងមក ដើម្បីទប់ស្កាត់ និងបង្ការបញ្ហានេះ ក្រសួងមហាផ្ទៃ បានបង្កើតនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជាងនេះ​ទៅទៀតលោកជំទាវក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ពិសេសអាណាព្យាបាល ត្រូវតែបង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀត ព្រោះថាការងារនេះត្រូវមានការចូលរួមពីគ្រប់ស្ថានប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ផ្សេងៗ ដើម្បី​បំពេញ​នូវអ្វីដែលខ្វះខាត ដើម្បីឈានដល់ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ។
     លោកជំទាវបានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នក្រសួងមហាផ្ទៃ ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធ​ប្រឆាំង​​អំពើជួញដូរមនុស្ស ជាសេនាធិការលើការងារនេះ បានដាក់ចេញនូវវិធានការចំពោះមុខ៣​ចំណុចសំខាន់ៗ​រួម​មាន៖ ១-ការប៉ាន់ប្រមាណទៅលើទំហំ នៃការហូរចូលរបស់ភ្ញៀវទេសចរ (ទាំងទេសចរណ៍ខ្មែរ និងបរទេស) ដែលមាននិន្នាការលើអំពើពេស្យាចារ, ២-ត្រូវមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ក៏ដូចជាផ្លាស់ប្ដូរឥរិយាបថ​របស់មនុស្សនៅក្នុងសង្គម, និង៣-ត្រូវបង្កើនការស្រាវជ្រាវ ដាក់ការសង្ស័យជាមុនដើម្បីត្រៀមបង្ការ ទប់ស្កាត់​ជាមុន ដោយមិនត្រូវទុកឲ្យរូបភាពនោះមកដល់នោះទេ។ ជាក់ស្តែង គណៈកម្មាធិការប្រយុទ្ធប្រឆាំង​អំពើជួញដូរ​មនុស្ស បានដាក់ខេត្តចំនួន៥ ដែលជាខេត្តមុខព្រួញ ត្រូវតែបង្កើនប្រព័ន្ធការពារលើកុមារ ដែលងាយរង​គ្រោះក្នុងនោះរួមមាន ខេត្តកំពត, សៀមរាប, ព្រះសីហនុ និងរាជធានីភ្នំពេញ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ