ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គូសបញ្ជាក់ថា កិច្ចការប្រយុទ្ធប្រឆាំងគ្រឿង​ញៀនតាមផែនការដែលបានកំណត់នាពេលកន្លកមក បានធ្វើឲ្យបទល្មើសមានការថយចុះគួរកត់សម្គាល់
August 08, 2019    អ្នកទស្សនា :

     មានប្រសាសន៍ក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀនបានថ្លែងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់​របស់រាជរដ្ឋាភិបាល​បានជះ​ឥទ្ធិពលជាវិជ្ជមាន ដែលបានធ្វើឲ្យបទល្មើសទូទៅមានការថយចុះ ជាពិសេសបទល្មើសព្រហ្មទណ្ឌ​មានការថយ​ចុះ​គួរកត់សម្គាល់ ការបើកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនជាទ្រង់ទ្រាយធំនៅតាមក្លឹបកម្សាន្ត និងទី​តាំងសប្បាយដ្ឋាន បានផ្តល់នូវបទពិសោធន៍ល្អៗក្នុងការបង្រួមទីផ្សារជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅ​ទូ​ទាំងប្រទេស ហើយក៏ជាសក្ខីកម្មឆ្លុះបញ្ចាំងអំពីឆន្ទះមុតស្រួចរបស់កម្លាំងអនុវត្តច្បាប់ និងការគាំទ្រ​យ៉ាងពេញ​ទំហឹង​ពី​សំណាក់​ប្រជាពលរដ្ឋ។
     ព្រមជាមួយគ្នានោះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានធ្វើការណែនាំបន្ថែមចំនួន៧​ចំនុចរូម​មាន៖
១. អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវប្រមូលផ្តុំកិច្ចប្រតិបត្តិការពហុ​វិស័យ​នៅតំបន់ភូមិភាគឦសាននៃប្រទេស បន្តរៀបចំបណ្តាញទប់ស្កាត់ កាត់ផ្តាច់ផ្លូវចរាចរ​គ្រឿងញៀន​ចូលមក​កម្ពុជា  និងពិនិត្យរដ្ឋបាលប្រចាំទៅលើគោលដៅងាយកើតបទល្មើសគ្រឿងញៀន  និងបន្តចុះពិនិត្យអប់រំ​ដល់​ម្ចាស់​គោលដៅទាំងនោះឲ្យបានគ្រប់ៗគ្នា។ ត្រូវលុបបំបាត់ដាច់ខាតនូវការប្រើប្រាស់ ជួញដូរ និងចែកចាយ គ្រឿង​ញៀន​នៅតាមកន្លែងសប្បាយដ្ឋាននានា ទូទាំងប្រទេស។ បន្ថែមពីនេះទៀត ត្រូវរៀបចំកសាងបញ្ចូល​នូវទិន្នន័យចំនួន កន្លែងសប្បាយដ្ឋាន ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីងាយស្រួលតាមដាននិងគ្រប់គ្រង ។
២. ត្រូវចងចាំនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវពាក្យស្លោករបស់សម្តេចក្រឡាហោម គឺ កុំ៤ (កុំពាក់ព័ន្ធ កុំធ្វើជាខ្នង​បង្អែក កុំបន្ធូបន្ថយទោស និងកុំអន្តរាគមន៍ នៅក្នុងករណីបទល្មើសគ្រឿងញៀន)។
៣. ត្រូវបន្តអប់រំផ្សព្វផ្សាយឲ្យបានជាប្រចាំនិងចំគោលដៅ និងបន្តជម្រុញវិស័យផលិតកម្ម សិប្បកម្ម បន្តផ្សាយ​ដាក់សារអប់រំ អំពីគ្រោះថ្នាក់គ្រឿងញៀនទៅលើផលិតផលផ្សេងៗ ឲ្យបានជាប្រចាំ និងជម្រុញ​ផ្សព្វផ្សាយ​ការអប់​រំដល់គ្រប់កម្មវិធីតន្រ្តី កម្មវិធីបុណ្យនានានៅតាមវត្តអារាម កន្លែងកំសាន្ត ផ្ទះសំណាក់ សណ្ឋាគារ រថយន្តក្រុង ។ល។ ជាមួយនេះត្រូវជម្រុញការរៀបចំមណ្ឌលជាតិសម្រាប់ការអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ថ្នាក់ជាតិនៅរាជធានីភ្នំពេញ និងបន្ទប់អប់រំគ្រឿងញៀន នៅគ្រប់សាលា ចាប់ពីអនុវិទ្យាល័យទូទាំងប្រទេស ដោយរៀបចំឲ្យមានជនបង្គោល ដើម្បីបន្តការ អប់រំផ្សព្វផ្សាយតាមគោលដៅទាំងនោះ។
៤. ដាក់ឲ្យដំណើរការនូវមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តនិងផ្អែកលេី​សហគមន៍ដល់អ្នក​ញៀន​​គ្រឿងញៀននៅខេត្តព្រះសីហនុឲ្យបាននៅចុងឆ្នាំ២០១៩នេះ រៀបចំទិន្នន័យអ្នកញៀនគ្រឿងញៀន ដែល​កំពុងព្យាបាលតាមមណ្ឌលរបស់រដ្ឋទាំងអស់ ដើម្បីបញ្ជូនទៅមណ្ឌលថ្នាក់ជាតិផ្តល់ការណ្តុះបណ្តាលវិជ្ជាជីវៈ និង​ការធ្វើសមាហរណកម្ម។ ធ្វើការបណ្តុះបណ្តាលដល់នគរបាលប៉ុស្ត៍រដ្ឋបាល ដើម្បី មានសមត្ថភាពក្នុងការ​ចូលរួម​ជា​មួយ​អាជ្ញាធរដែនដី អប់រំផ្សព្វផ្សាយនិងណែនាំពួកគេឲ្យទទួលសេវាព្យាបាលនៅ​តាមសហគមន៍និង​មណ្ឌល​ដែល​នៅជិត។
៥. ពង្រឹងយន្តការនៅថ្នាក់ក្រោមជាតិចាប់ពីថ្នាក់រាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ឃុំ សង្កាត់និងភូមិឃុំសង្កាត់ស គ្មានគ្រឿងញៀន ការធ្វើបច្ចុប្បន្នភាពឃុំ សង្កាត់គោលដៅ ដើម្បីចាត់តាំងប្រតិបត្តិការ ឲ្យមានប្រសិទ្ធភាព។ ជាមួយនេះត្រូវពង្រឹងយន្តការសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាល នានា ដែលធ្វើការវិស័យគ្រឿង​ញៀន​នៅតាមមូលដ្ឋានរបស់ខ្លួន។
៦. អនុវត្តវិធានការច្បាប់ឲ្យបានតឹងរឹង តាមរយៈការធ្វើវិសោធនកម្មច្បាប់ត្រួតពិនិត្យគ្រឿងញៀន។
៧. ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាប់ព្រំដែន កម្ពុជា-ឡាវ  កម្ពុជា-វៀតណាម  កម្ពុជា- ថៃ ពិសេសខេត្តភូមិភាគឦសាន និងខិតខំបន្តកៀគរជំនួយសម្រាប់ការកសាងមជ្ឈមណ្ឌលជាតិ​ផ្តល់សេវា​ព្យាបាល​ដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ។
      ជាមួយនឹងការដាក់ចេញ​នូវការណែនាំទាំង៧ចំណុចនេះដែរ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានថ្លែងបន្ត​ដោយ​ក្តី​សង្ឈឹមជឿជាក់ថា ថ្នាក់ដឹកនាំទាំងអស់ដែលជាតំណាងក្រសួងស្ថាប័ន​មានសមត្ថកិច្ចក្នុងការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងយកស្មារតីដែលបានឯកភាពគ្នានេះ ទៅចាត់ចែងអនុវត្តប្រកបដោយប្រសិទ្ធិភាព ដើម្បីអនាគតរបស់កូនចៅយើង ទាំងអស់គ្នារួចផុតពីផលលំបាកដែលបង្កឡើងដោយគ្រឿងញៀន៕ គឹមអាន
ដោយ៖ អាជ្ញាធរជាតិប្រយុទ្ធឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ