គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បើកកិច្ចប្រជុំពិនិត្យ របាយការណ៍លទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ឆ្នាំ២០១៩
July 23, 2019    អ្នកទស្សនា :

     នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យរបាយការណ៍ក្រុមការងារអន្ដរក្រសួង លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

     យោងតាមរបាយការណ៍ឆមាសទី១របស់ (គ.ជ.ប.ជ) បានបង្ហាញថា ស្ថានភាពបទល្មើសជួញដូរមនុស្សត្រូវបានបង្ការ ទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ អាស្រ័យដោយមានការខិតខំប្រឹងប្រែង និងមានកិច្ចសហការបានល្អរវាងក្រសួង ស្ថាប័ន អង្គភាពសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរួមទាំងលេខាធិការដ្ឋាននៃគណៈកម្មាធិការថ្នាក់ក្រោមជាតិនិងអង្គការដៃគូទាំងឡាយ។ ក្នុងនោះ គ.ជ.ប.ជ បានបង្ក្រាប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបាន៧៨ករណី (កើនឡើង១៦ករណី ស្មើនឹង២៥%) ដោយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូង ចំនួន៩៧នាក់ (កើន១២នាក់ ស្មើនឹង១៤%) ស្រី២២នាក់ អនីតិជន០៩នាក់ ជាជនបរទេស ១៤នាក់ (សញ្ជាតិចិន ១២នាក់ និងអាមេរិក០២នាក់)។ សង្គ្រោះជនរងគ្រោះ ចំនួន២៦៣នាក់ ស្មើនឹង១៤៨% ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ៧០នាក់ (អាយុ១៥-១៧ឆ្នាំ ៣១នាក់ និងពី១៨ឆ្នាំឡើង ១៦២នាក់)។ដោយឡែក ការបង្ការ ទប់ស្កាត់ ការជួញដូរមនុស្សតាមរូបភាពអាពាហ៍ពិពាហ៍​រវាងពលរដ្ឋខ្មែរ និងជនបរទេស ក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងច្រកចេញចូលតែមួយ របស់ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យស្នើសុំ និងធ្វើសម្ភាសន៍ពលរដ្ឋខ្មែរ និងជនបរទេស សរុបចំនួន១,០០៩គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាម​ផ្លូវច្បាប់។ ជាមួយគ្នានោះ បទល្មើសថ្មីដែលពាក់ព័ន្ធនឹងអំពើ​ជួញដូរ​មនុស្សឆ្លង​ដែនគឺពេលពពោះជំនួស និងមេខ្យល់នាំស្ត្រីជាកូនក្រមុំឆ្លងដែន​ស្វែងរកគូស្រករនៅក្រៅប្រទេសក៏ត្រូវបានរកឃើញទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលា និងនៅតែបន្តស្រាវជ្រាវបន្ថែមទៀត។ ជាងនេះទៅទៀតក្នុងរយៈពេលកន្លងមកបានបង្កើនការយកចិត្តទុកដាក់សម្របសម្រួលពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័នជាសមាជិក និងជំរុញសកម្មភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរាជធានី-ខេត្ត មន្ទីរ អង្គភាព និងដៃគូជាតិ អន្តរជាតិនានាក៏ដូចជា​សមត្ថកិច្ចនៃប្រទេសពាក់ព័ន្ធដើម្បីធ្វើសកម្មភាពនិងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហារួមគ្នានិងទទួលបានលទ្ធផល ជាច្រើន។

     ក្រោមការចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក៏បានលើកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ផងដែរ រួមមាន៖

- បន្តពង្រឹងស្ថាប័ន និងពង្រីកកិច្ចសហការទូលំទូលាយរវាងសមាជិក​ក្នុងក្រុមការងារអន្តរក្រសួង និងគណៈកម្មាធិការថ្នាក់ក្រោមជាតិ ដោយបង្កើនការយកចិត្តទុកដាក់រៀបចំកិច្ចប្រជុំក្រុមការងារជាប្រចាំនិងផ្ដល់របាយការណ៍ មកអគ្គលេខាធិការដ្ឋាន

- បន្តរៀបចំ និងពន្លឿនការអនុម័តច្បាប់សំខាន់ៗ និងបន្តរៀបចំបទដ្ឋាន​គតិយុត្តពាក់ព័ន្ធ

- រៀបចំផែនការអនុវត្តផ្អែកលើយុទ្ធសាស្ត្ររួមដែលបានកំណត់ក្នុងផែនការជាតិ

- ពង្រឹងប្រសិទ្ធភាពនៃការដឹកនាំបញ្ជា និងការអនុវត្តនូវវិធានការ​ជាអាទិភាព ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

- ត្រៀមកិច្ចប្រជុំពិគ្រោះយោបល់រវាងក្រុមប្រទេសបញ្ជូន ( កម្ពុជា.ឡាវ.ភូមា) ដើម្បីពង្រឹងកិច្ចសហការដោះស្រាយបញ្ហារួម

- ត្រៀមកិច្ចប្រជុំបីប្រទេសកម្ពុជា វៀតណាម ចិន ក្នុងការពង្រឹង​កិច្ចសហការ ការពារនិងបង្ការទប់ស្កាត់ការនាំចូលមនុស្ស​ឆ្លងដែន​ខុសច្បាប់ជាពិសេសទារក និងស្ត្រី

- បើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធ ដល់មន្ត្រីទទួលបន្ទុកអនុវត្តថ្នាក់ក្រោមជាតិ

- បន្តលើកកម្ពស់ការងារផ្សព្វផ្សាយច្បាប់ គោលនយោបាយ និងពង្រឹងការអប់រំតាមគ្រប់រូបភាព និងការប្រើគ្រប់លទ្ធភាព និងធនធាន ដើម្បីលើកកម្ពស់ការយល់ដឹងជាសកលអំពីការជួញដូរមនុស្សការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច កម្លាំងពលកម្ម ទំនាក់ទំនងរវាង ទេសន្តប្រវេសន៍ និងអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធដទៃទៀត

- បន្តតាមដានលទ្ធផល និងប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី ពហុភាគី និងគាំទ្រដល់ការអនុវត្តអនុសញ្ញា និងផែនការអាស៊ានប្រឆាំង​ការជួញដូរមនុស្ស ដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៥

- ជំរុញតាមដានត្រួតពិនិត្យក្រុមហ៊ុនបញ្ជូនពលករ​ទៅធ្វើការនៅក្រៅ​ប្រទេស ឲ្យអនុវត្តតាមគោលនយោបាយរបស់​រាជរដ្ឋាភិបាលឲ្យ​បានត្រឹម​ត្រូវដើម្បីការពារសុវត្ថិភាព

- បន្តរៀបចំវិធានការគ្រប់គ្រងលំហូរពលករទេសន្តប្រវេសន៍ ការងារឆ្លង​ដែនមិនប្រក្រតី

- ពង្រឹងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌជាពិសេស ការពង្រឹងកិច្ចសហការ​ក្នុងការជួយគ្នាទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌជាមួយប្រទេសពាក់ព័ន្ធ

- បន្តអនុវត្ត និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ​ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងការចុះតាមដានអនុវត្តគោល​នយោបាយនៅថ្នាក់ក្រោមជាតិ

-ពង្រឹងសកម្មភាពទទួលពលករ ការស្រាវជ្រាវទិន្នន័យ និងផ្ដល់សេវាជូនពលករដែលត្រូវបានបញ្ជូនត្រឡប់ពីអាជ្ញាធរបរទេស និងពលករវិលត្រឡប់វិញនៅតាមច្រកព្រំដែនសំខាន់ៗ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ